សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកស្រូវពូជជាង ៥០០តោន និងស្បៀង ជូនប្រជាកសិករជាង ៥ពាន់គ្រួសារ នៃខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់ស្រូវពូជជាង ៥០០តោន ជូនប្រជាកសិករជាង ៥ពាន់គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ។
តាមរបាយការណ៍របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា ជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់ពីប្រទេសថៃ បានធ្វើឱ្យប៉ះពាល់ក្រុង ស្រុកចំនួន៨ រួមមាន៖ ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ស្រុកអូរជ្រៅ ស្រុកថ្មពួក និងស្រុកម៉ាឡៃ។ ទឹកជំនន់នេះបង្កឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន ១៥,៥០៦គ្រួសារ ស្មើនឹងប្រមាណ ៦៥,៦៨៨នាក់ ប៉ះពាល់ស្រូវ ៣៦,០៥៩ហិកតា ដំឡូងមី ២,៨៩៩ហិកតា ដំណាំរួមផ្សំ ១២៨ហិកតា សត្វពាហនៈ ២,៨៦៧ក្បាល សាលារៀន៧៥ វត្ត៣៨ មណ្ឌលសុខភាព៧ និងផ្លូវ ៨០២កន្លែង មានប្រវែង ៤០៦,២៩៥ម៉ែត្រ។ កន្លងមកនេះ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្ត បានធ្វើសកម្មភាពសស្រាក់សស្រាំចុះជួយជម្លៀសប្រជាពលរដ្ឋចេញពីការជន់លិច និងជួយដោះស្រាយបញ្ហាផ្សេងៗជាបន្តបន្ទាប់។ទាក់ទងទៅនឹងស្ថានភាពកូវីដ-១៩នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា០៣ថ្ងៃកន្លងមកនេះ យើងមិនមានករណីឆ្លងកូវីដ-១៩ថ្មីនោះទេ សូម្បីតែម្នាក់ នេះជាភាពជោគជ័យមួយសម្រាប់កម្ពុជាក្នុងការគ្រប់គ្រងទប់ស្កាត់ការឆ្លងកូវីដ-១៩ ទទួលបានភាពជោគជ័យទើបយើងមានលទ្ធភាពធ្វើសកម្មភាពផ្សេងៗនៅក្នុងសង្គមបានឡើងវិញ។សម្តេចតេជោ បញ្ជាក់ថានេះហើយជាជោគជ័យនៃគោលនយោបាយនៃការចាក់វ៉ាក់សាំង។
ទាក់ទងទៅនឹងខួបលើកទី៣១ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏ថ្លែងអំណរគុណដល់អន្តរជាតិ ដែលបានជួយសម្របសម្រួលនាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍រំឭកអំពីភាគីពាក់ព័ន្ធសំខាន់ៗដែលឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ សម្តេចតេជោសិក្សាបន្ថែមទៀតថា នយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យកម្ពុជាបញ្ចប់សង្គ្រាម ដោយមិនចំណាយគ្រាប់កាំភ្លើង និងមិនមានការបង្ហូរឈាម។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ក្នុងព្រឹត្តិការណ៍បោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលកន្លងទៅ។ សម្តេចតេជោ ហ៊ុន សែន រំពឹងថា ប្រជាពលរដ្ឋនៅតែបន្តបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជាជាបន្តទៀត នៅឆ្នាំ២០២៣ ខាងមុខ៕
Post a Comment