ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹម យ៉ាន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ប្រារព្ធធ្វើបុណ្យកឋិនទានសាមគ្គី ប្រមូលបច្ច័យបាន ៦២១.៤០០.០០០ លានរៀល វេប្រគេនព្រះសង្ឃ១២វត្ត នៅវត្តសុវណ្ណបព្វតាខ្លាកូនចាស់
នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានអញ្ជើញដង្ហែ អង្គឋិនទានសាមគ្គីវេរប្រគេនព្រះសង្ឃដែលគង់ចាំ ព្រះវស្សាអស់ត្រីមាសក្នុង វត្តសុវណ្ណបព្វតាខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
បុណ្យកឋិនទានសាមគ្គីនេះ ផ្តួចផ្តើមធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹម យ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ និង លោកជំទាវឧកញ្ញ៉ា អគ្គមហាឧបាសិការពុទ្ធសាសនូបត្ថមក៍ ម៉ៅ ម៉ាល័យ ។ ក្រៅពីនេះក៏មានការអញ្ជើញចូលរួមពី ប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ អាជីវករ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយជាច្រើនរូបផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹម យ៉ាន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ក៏បានប្រគេននូវចតុបច្ច័យដល់ព្រះសង្ឃគ្រប់អង់១០ម៉ឺនរៀល ប្រគេនបច្ច័យកសាងដែលបានពីអង្គកឋិនទានសាមគ្គី ចំនួន ៦២១.៤០០.០០០ លានរៀល ហើយបច្ច័យទាំងនេះត្រូវបានបែងចែកប្រគេនដល់វត្តដទៃទៀត ចំនួន១២វត្ត។
ក្នុងឱកាសនោះ លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ក៏បានចូលរួមចាប់កុសលផលបុណ្យកឋិនទានសាមគ្គីនេះចំនួន១៦.០០០.០០០លានរៀល និងចាត់តាំងកម្លាំងនគរបាលក្រោមឱវាទ ចុះសម្រួលចរាចរណ៍ រៀបចំសណ្តាប់ធ្នាប់ និងការពារសន្តិសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ មន្តី្ររាជការ ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ពុទ្ធបរិស័ទដែលអញ្ជើញមកចូលរួមបុណ្យកឋិនទានសាមគ្គីនេះផងដែរ៕
Post a Comment