សម្តេចតេជោ នឹងជួបប្រធានាធិបតីអ៊ុយក្រែនតាមទូរសព្ទ នៅថ្ងៃទី ០១ ខែ វិច្ឆិកា
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ហើយ ថ្ងៃដែលសម្តេច ត្រូវជួបពិភាក្សាការងារជាមួយយលោក Zelenskyy ប្រធានាធិបតីអ៊ុយក្រែន តាមរយៈទូរសព្ទ គឺថ្ងៃទី ០១ ខែ វិច្ឆិកា ខាងមុខនេះ។
ចំពោះពេលវេលានៃការជួបសម្តេចតេជោ មិនទាន់កំណត់ច្បាស់នៅឡើយ ដោយសម្តេចថ្លែងដូច្នេះថា« បញ្ហាពេលវេលា ខ្ញុំទុកឱ្យគាត់(Zelenskyy )រើស ដោយសារតែយើងជាមួយអ៊ុយក្រែន គឺម៉ោងខុសគ្នារហូតដល់ ៤ម៉ោង អ៊ីចឹង ខ្ញុំថាជួបម៉ោង ៣ ឬម៉ោង ៤ល្ងាច ព្រោះបើម៉ោង ៤ល្ងាចនៅយើង គឺត្រូវនឹងម៉ោង ១២ថ្ងៃត្រង់ នៅអ៊ុយក្រែន, បើយើងម៉ោង ៣ល្ងាច ត្រូវម៉ោង ១១នៅទីនោះ ដូច្នេះយើងអាចជួបពិភាក្សាគ្នាបាន»។
ដោយសារឆ្នាំនេះ កម្ពុជា ជាប្រធានអាស៊ាន ដូច្នេះអ៊ុយក្រែនក៏បានស្នើឱ្យមានទំនាក់ទំនង ហើយរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន និងអេស្ប៉ាញ អាចមកចុះកិច្ចព្រមព្រៀងជាមួយអាស៊ាន ជាមិត្តភាពនៃកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍។ នេះជាការបន្ថែមរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។
សម្តេចតេជោ ក៏បានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន មកចូលរួមកិច្ចប្រជុំអាស៊ាននៅទីក្រុងភ្នំពេញផងដែរ តែមិនទាន់មានការឆ្លើយតបនៅឡើយ។
ការលើកឡើងរបស់សម្តេច ធ្វើឡើងនៅក្នុងពិធីសំណេះសំណាល និងចែកស្រូវពូជ ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តកំពង់ធំ ព្រឹកថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២២។
សម្តេច បានបញ្ជាក់ថា ការងារទាក់ទងនឹងកិច្ចប្រជុំអាស៊ាន ក្នុងឋានៈជាប្រធានប្តូរវេនឆ្នាំ ២០២២ នៅរាជធានីភ្នំពេញនៅខែក្រោយនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបូកជាមួយនឹងការចូលរួមកិច្ចប្រជុំក្រុមប្រទេសអភិវឌ្ឍន៍ទាំង ២០ (G20) នៅឥណ្ឌូនេស៊ី និងការចូលរួមកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅប្រទេសថៃ នាពេលខាងមុខ ត្រូវបានដោះស្រាយ ១ ភាគធំ៕
Post a Comment