ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទានសេ្តចយាងជាព្រះរាជាធីបតី ក្នុងព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ
ល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ មូលនិធិមុទិតា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានចូលរួមជាមួយរាជរដ្ឋាភិបាល និងស្ថាប័នជាតិនានា ដើម្បីសហការរៀបចំ ព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ដែលប្រព្រឹត្តទៅក្រោមព្រះរាជាធិបតី ដ៏ខ្ពស់ខ្ពស់ជាទីបំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល អមដំណើរដោយថ្នាក់ដឹកនាំកំពូលៗ នៃព្រះរាជាណាចក្រកម្ពុជា នៅសាលមហោស្រព ចតុម្មុខមង្គល។
ព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ត្រូវបានប្រារព្ធឡើងក្នុងគោលបំណង រំលឹកដល់ព្រះគុណូបការៈ និងសម្តែងនូវមនោសញ្ចេតនាចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចបាន ប្រកបដោយសេចក្តីកតញ្ញូកតវេទី ចំពោះព្រះមហាករុណាទិគុណ ដ៏ធំធេងរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅក្នុងបុព្វហេតុទាមទារឯករាជ្យជូនប្រជាជាតិ ការកសាងជាតិ និងការបង្រួបបង្រួមជាតិ ការការពារបូរណភាពទឹកដីជូនជាតិមាតុភូមិ និងប្រជានុរាស្ត្រកម្ពុជា និងការរួបរួមដើម្បីសន្តិភាព ឯករាជ្យ និងកសាងជាតិគ្មានឈប់ឈរ។
ក្នុងព្រះរាជកម្មវិធី «១០០ ព្រះវស្សានៃព្រះបិតាឯករាជ្យជាតិ» ក៏មានការយាង និងអញ្ជើញ ចូលរួមពី សម្តេចព្រះសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសរុបប្រមាណ ៤០០អង្គ/នាក់។
សូមជម្រាបជូនថា ព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ត្រូវបានផ្តួចផ្តើម និងរៀបចំដោយមូលនិធិមុទិតា និង សហភាពសហព័ន្ធយុវជនកម្ពុជា និងដោយមានការចូលរួមសហការពី ក្រសួងព្រះបរមរាជវាំង ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ រដ្ឋបាលរាជធានីភ្នំពេញ និងបណ្ណាល័យសម្តេចម៉ែ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។
Post a Comment