មនុស្ស ១២០នាក់ ស្លាប់ក្នុងហេតុការណ៍បាក់ស្ពាន នៅប្រទេសឥណ្ឌា
អាជ្ញាធរនៅក្នុងប្រទេសឥណ្ឌា បានឱ្យដឹងនៅថ្ងៃចន្ទនេះថាចំនួនមនុស្សស្លាប់នៅក្នុងហេតុការណ៍បាក់ស្ពានមួយកន្លែង នៅក្នុងរដ្ឋ ហ្គូចារ៉ាត់ (Gujarat) ស្ថិតនៅភាគខាងលិចនៃប្រទេសបានកើនដល់ ១២០នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២។
មនុស្សជាង ៤០០នាក់ ត្រូវបានគេរាយការណ៍ថាបានស្ថិតនៅលើស្ពានឆ្លងទន្លេ ម៉ាឈូ (Machhu) ស្ថិតនៅក្នុងទីក្រុង ម័រប៊ី (Morbi) កាលពីថ្ងៃអាទិត្យ នៅពេល ដែលស្ពាននេះបានបាក់រលំ។ ថ្លែងប្រាប់ AFP មន្ត្រីក្នុងតំបន់ម្នាក់បានបញ្ជាក់ដូច្នេះថា «យើងបានរកឃើញសាកសពមនុស្ស ១២០នាក់ហើយ មកទល់នឹងពេលនេះ រីឯចំនួនអ្នកស្លាប់អាចនឹងមានច្រើនជាងនេះ ខណៈប្រតិបត្តិការជួយសង្រ្គោះកំពុងបន្តធ្វើឡើងនៅឡើយ»។គួរបញ្ជាក់ថា ស្ពានខាងលើមានទីតាំងស្ថិតនៅក្នុងទីក្រុង Morbi ស្ថិតនៅចម្ងាយប្រហែលជា ២០០គីឡូម៉ែត្រពីទីក្រុង អះម៉េដាបាដ (Ahmedabad) នៃរដ្ឋ ហ្គូចារ៉ាត់ ប៉ុន្តែ មិនទាន់មានការបញ្ជាក់ពីមូលហេតុបណ្ដាលឱ្យស្ពានប្រវែង ២៣០ម៉ែត្រនេះដែលសាងសង់ក្នុងស.វទី១៩ បាក់រលំនៅឡើយទេ៕
Post a Comment