កម្ពុជា មិនចង់ឃើញឡើយ «ការជួញដូរមនុស្ស»
កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ សារព័ត៌មានបារាំង ដែលសរសេរជាភាសាអង់គ្លេសឈ្មោះថា Worldcrunch បានចេញផ្សាយអត្ថបទមួយ និយាយអំពីបញ្ហាដែលកម្ពុជាក្លាយជាមណ្ឌល នៃការឆបោកតាមអនឡាញថ្មីនៅក្នុងតំបន់អាស៊ី។ អត្ថបទនេះ បានអត្ថាធិប្បាយបែបរិះគន់ និងវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាដោយថា កម្ពុជា ហាក់ដូចជាមិនយកចិត្តទុក ឬបើកដៃឲ្យមានការ«ឆបោក ការជួញដូរមនុស្ស»នៅក្នុងទឹកដីរបស់ខ្លួនអ៊ីចឹង។ ប៉ុន្តែ អាជ្ញាធរកម្ពុជាទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន បាន និងកំពុងតែបង្រ្កាបយ៉ាងដុតដៃដុតជើង ចំពោះករណីទាំងឆបោកតាមអនឡាញ និងការជួញដូរមនុស្សគ្រប់ទម្រង់។
ជាក់ស្តែង កន្លងទៅថ្មីៗនេះ អាជ្ញាធរកម្ពុជា បង្រ្កាបបានជាបន្តបន្ទាប់ នូវបទល្មើសជួញដូរមនុស្ស ការបង្ខាំងមនុស្សឲ្យធ្វើការទាំងបង្ខំ ក៏ដូចជាការឆបោកតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេស ជាពិសេស នៅក្នុងខេត្តព្រះសីហនុ។ ជាលទ្ធផល ជនល្មើសដែលភាគច្រើនជាជនជាតិចិនរាប់រយនាក់ ត្រូវបានចាប់ខ្លួន និងកាត់ទោសទៅតាមច្បាប់របស់កម្ពុជា ហើយពួកគេខ្លះ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា និងត្រូវបានកត់ឈ្មោះចូលទៅក្នុងបញ្ជីខ្មៅ ហាមមិនឲ្យជាន់ទឹកដីកម្ពុជាទៀតឡើយ។ ទាំងនេះ គឺជាការខិតខំប្រឹងប្រែងជាក់ស្តែងរបស់អាជ្ញាធរកម្ពុជា ដើម្បីឆ្លើយតបទៅនឹងបញ្ហាអសកម្មក្នុងសង្គមទាំងនេះ។
ប៉ុន្តែ ការខិតខំប្រឹងប្រែងទាំងនេះ មិនត្រូវបានបរទេសខ្លះ និងសារព័ត៌មានអន្តរជាតិខ្លះ មើលឃើញឡើយ។ ផ្ទុយទៅវិញ ក្រោមខ្សែបន្ទាត់នយោបាយ ពួកគេគ្មានអ្វីក្រៅពីសរសេរ និងផ្សព្វផ្សាយពីរឿងអាក្រក់ៗ អសកម្ម អវិជ្ជមានខ្លះៗរបស់កម្ពុជា យកទៅពង្រីក ទៅបន្លាយឲ្យក្លាយជារឿងធំ ដើម្បីធ្វើយ៉ាងណាបំបាក់មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ។ ប៉ុន្តែ សម្រាប់កម្ពុជា ទាំងអស់នេះ គឺជារឿងធម្មតា។ រឿងធម្មតា ក៏ព្រោះថា វាមិនមែនជាលើកទី១ ហើយក៏ប្រហែលជាមិន មែនជារឿងលើកចុងក្រោយដែរ ដែលកម្ពុជា បានក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារគ្រប់ទិសពីសារព័ត៌មានបរទេសនោះ។
ជាការពិត កម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍ ហើយក៏កំពុងតែស្រេកឃ្លាននូវការរីកចម្រើនលើគ្រប់វិស័យ ដើម្បីសុខុមាលភាពរបស់ប្រជាជន។ ការណ៍នេះ កម្ពុជា ត្រូវការការវិនិយោគដោយផ្ទាល់ពីបរទេសជាចាំបាច់ ដោយមិនរើសមុខឡើយ ពោល គឺបរទេសណាក៏ដោយ ក៏កម្ពុជា ត្រូវការ និងចង់រាប់អានជាមិត្តភក្តិទាំងអស់ ក្នុងន័យ ទទួលបានទាំងជំនួយ និងការវិនិយោគដែលជាកាតាលីករដ៏សំខាន់ជំរុញខឿនសេដ្ឋកិច្ចជាតិ។
ជាក់ស្តែងស្រាប់ ដូចនៅក្នុងខេត្តព្រះសីហនុ ដែលមានអ្នកវិនិយោគជនជាតិចិនជាច្រើន បានសម្រុកចូលមកវិនិយោគ ហើយជាផ្លែផ្កា សំណង់អាគារពាណិជ្ជកម្មជាច្រើន មានទាំងសណ្ឋាគារ កាស៊ីណូ ក្រុមហ៊ុន រោងចក្រ ផ្សារទំនើប។ល។ បានរីកដុះដាលឡើងដូចផ្សិត។
បើតាមរបាយការណ៍របស់ខេត្តព្រះសីហនុ គឺវិស័យសំណង់នៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ មានការរីកចម្រើនខ្លាំងមែនទែន បន្ទាប់ពីមានវត្តមានអ្នកវិនិយោគចិន។ បើគិតចាប់តាំងពីឆ្នាំ ២០១៧ រហូតដល់ចុងឆ្នាំ ២០២១ ខេត្តព្រះសីហនុ មានសំណង់សរុបចំនួន ១ ៦៦១ គម្រោង សរុបទុនវិនិយោគ មានប្រមាណជាង ៨ ៤០០ លានដុល្លារអាមេរិក។ សំណង់អគារខ្ពស់ចាប់ពី ៥ ជាន់ ដល់ ៥៣ ជាន់ គឺមានចំនួន ៦២០ គម្រោង។
សួរថា តើការរីកចម្រើនទាំងអស់នេះ ផ្តល់ប្រយោជន៍ទៅអ្នកណាខ្លាំងជាងគេ? ប្រាកដណាស់ គឺជាប្រជាពលរដ្ឋមូលដ្ឋាន និងមួយផ្នែក ជួយដល់សេដ្ឋកិច្ចជាតិ។ ប្រជាពលរដ្ឋខេត្តព្រះសីហនុនៅពេលនេះ គឺខុសពីមុនឆ្ងាយណាស់ នោះ គឺត្រង់ ថា ពួកគេមានជីវភាពរស់នៅធូរធារ មានការងារធ្វើ និងមានអាជីវកម្មក្នុងដៃស្ទើរតែគ្រប់ៗគ្នា។ ពួកគេមួយចំនួនធំ បានរកស៊ីផ្នែកអចលនទ្រព្យជាមួយអ្នកវិនិយោគចិន ដែលផ្តល់ប្រាក់ចំណូលយ៉ាងក្រាស់ក្រែល ខណៈមួយចំនួនបើកហាងលក់ដូរផ្សេងៗ និងមួយចំនួនទៀត បានធ្វើការងារនៅក្នុងក្រុមហ៊ុនចិនតែម្តង។
និយាយជារួម វត្តមាននៃអ្នកវិនិយោគចិននេះ គឺជួយដល់សេដ្ឋកិច្ចជាតិ ជំរុញការអភិវឌ្ឍនៅមូលដ្ឋាន និងផ្តល់ការងារជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ដែលវាខុសពីការសរសេរវាយតម្លៃរបស់សារព័ត៌មានបារាំង Worldcrunch ថា ក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់ទទួលបានផលប្រយោជន៍ច្រើនពីបញ្ហានេះ។
ពិតហើយ មិនថាប្រទេសណា ឬប្រទេសណាទេ គឺគ្មានឡើយការទទួលបាននូវអ្នកវិនិយោគល្អៗទាំងអស់នោះ។ យ៉ាង ណាមិញ កម្ពុជា ក៏ដូចគ្នា។ កម្ពុជា បានរងគ្រោះព្រោះអ្នកវិនិយោគខ្លះ បានប្រព្រឹត្តបទល្មើស ជួញដូរមនុស្ស បង្ខាំងមនុស្សឲ្យធ្វើការដោយខុសច្បាប់ ការឆបោក ការជំរិតទារប្រាក់តាមប្រព័ន្ធអនឡាញ និងឧក្រិដ្ឋកម្មគ្រឿងញៀនជាដើម។ កម្ពុជា ទទួលស្គាល់នៃការកើតមានបទល្មើសទាំងអស់នេះ ប៉ុន្តែ មិនមែន មានតែកម្ពុជាឯណា តើប្រទេសនានាលើលោកនេះណាខ្លះដែលមិនធ្លាប់ជួបបញ្ហាទាំងអស់នេះនោះ? ហេតុអ្វីបានជាមើលមកកម្ពុជាតែក្នុងក្រសែភ្នែកមិនល្អយ៉ាងនេះ? ចុះប្រទេសគេផ្សេង?
និយាយឲ្យខ្លី និងស្រួលយល់ទៅ គឺកម្ពុជា ក៏ដូចប្រទេសដទៃលើលោកដែរ មិនចង់ឃើញឡើយការកើតមានការជួញដូរមនុស្ស ការបង្ខាំងមនុស្សឲ្យធ្វើការដោយខុសច្បាប់ ការឆបោក ការជំរិតទារប្រាក់តាមប្រព័ន្ធអនឡាញ និងឧក្រិដ្ឋកម្មគ្រឿងញៀននៅក្នុងប្រទេសរបស់ខ្លួន៕
Post a Comment