សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នៃបណ្ឌិត្យសភានគរបាលកម្ពុជា
នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ដ្រី នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលពិធីនេះប្រារព្ធធ្វើឡើងនៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា, អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត សរុបប្រមាណ ៨៥៩នាក់។ក្នុងពិធីនេះដែរ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានរាយការណ៍គោរពជូនចំពោះ សម្តេចក្រឡាហោម ស ខេង និងអង្គពិធីទាំងមូល អំពីវឌ្ឍនភាពរបស់បណ្ឌិត្យសភានគរបាលកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺដោយសារតែមានការឧបត្ថម្ភគាំទ្រទាំងថវិកា និងសម្ភារពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា តាមការដឹកនាំបញ្ជាដោយផ្ទាល់របស់ សម្ដេចក្រឡាហោម និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្រ្តីទាំងអស់របស់បណ្ឌិត្យសភា ព្រមទាំងការជួយឧបត្ថម្ភពីសប្បុរសជននានាផងដែរ។
លើសពីនេះ ឯកឧត្ដម ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានលើកទៀតថា អគារនេះសាងសង់ឡើងស្របតាមស្ដង់ដាអន្ដរជាតិ ដោយបំពាក់សម្ភារទំនើប ដើម្បីបម្រើដល់ការហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លីរបស់និស្សិត សិក្ខាកាម និងសិស្សនគរបាល ដែលបានមកសិក្សា នៅបណ្ឌិត្យសភានគរបាលកម្ពុជា ហើយចាប់ផ្តើមដំណើរការបើកការដ្ឋានសាងសង់ កាលពីនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។
ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រី លោកគ្រូ អ្នកគ្រូ ជានគរបាលជាតិគ្រប់ផ្នែកទាំងអស់ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានបំពេញការងារលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលសិស្ស និស្សិត សិក្ខាកាម ជាមន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ និងចូលរួមត្រេកអរជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា ដែលសម្រេចបានក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹងស្របតាមផែនការយុទ្ធសាស្រ្ត របស់ខ្លួន នៅពេលប្រទេសកម្ពុជាក៏ដូចជាពិភពលោក ជួបនូវវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកល។
សម្ដេចក្រឡាហោម លើកឡើងថា ការអប់រំបណ្ដុះបណ្ដាល ដើម្បីបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាព គឺជាការងារដែលត្រូវធ្វើប្រកបដោយនិរន្តរភាព ដើម្បីធ្វើឱ្យកងកម្លាំងនគរបាលជាតិ និងមន្រ្តីពន្ធនាគារ មានចំណេះដឹង ជំនាញបទពិសោធន៍គ្រប់គ្រាន់ និងមានក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបំពេញភារកិច្ចទទួលខុសត្រូវ ឆ្លើយតបទៅនឹងតម្រូវការនៃអង្គភាពប្រើប្រាស់កងកម្លាំង ផែនការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា ក្នុងរយៈពេលដែលសម្តេចចុះពិនិត្យផ្ទាល់ តាមសាលានគរបាលទាំងអស់ឃើញថា កំពុងមានការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់តាមរយៈការសិក្សារៀនសូត្រ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា៖ អាគារសិក្សា អាគារស្នាក់នៅ ផ្លូវជាដើម ដែលជាឧបត្ថម្ភរបស់អភិបាលរាជធានី៎-ខេត្តដែលពាក់ព័ន្ធ ហើយនេះអាចចាត់ទុកថាជាការរួមចំណែកដ៏សំខាន់ និងជាឧត្តមប្រយោជន៍ជាតិ ជួយសម្រាលបន្ទុករបស់រដ្ឋ ក្នុងដំណាក់កាលដែលប្រទេសទើបឆ្លងផុតពីវិបត្តិកូវីដ១៩ ។
ជាមួយគ្នានេះ សម្តេចក្រឡាហោម ក៏សូមអរគុណដល់សប្បុរសជនទាំងអស់ដែលចូលរួមចំណែកក្នុងបុព្វហេតជាតិ និងសូមអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដល់ការបណ្តុះបណ្តាលគ្រប់កម្រិត សាស្ត្រចារ្យ គ្រូនគរបាល និងមន្ត្រីពាក់ព័ន្ធក្នុងបណ្ឌិត្យសភា ព្រមទាំងផ្តល់ការឧបត្ថម្ភផ្នែកទន់ និងរឹងដើម្បីឱ្យបណ្ឌិត្យសភា ក្លាយជាគ្រឹះស្ថានបណ្តុះបណ្តាលកងកម្លាំងនគរបាលមានលក្ខណៈសម្បត្តិតាមស្តងដារជាតិ និងអន្តរជាតិ៕
Post a Comment