Cristiano Ronaldo វិលមកហ្វឹកហាត់ជុំគ្នាវិញក្រោមបញ្ជារបស់ Erik ten Hag
ខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United, Cristiano Ronaldo បានត្រលប់មកហ្វឹកហាត់ជុំគ្នាវិញជាមួយមិត្តរួមក្រុមហើយ បន្ទាប់ពីត្រូវបានអ្នកចាត់ការ Erik ten Hag ចាត់បញ្ជាឱ្យហ្វឹកហាត់ម្នាក់ឯងសប្តាហ៍មុន។
កីឡាករវ័យ ៣៧ឆ្នាំរូបនេះបានបដិសេធមិនផ្លាស់ប្តូរចូលនៅចុងម៉ោងពេល Manchester United យកឈ្នះ Tottenham Hotspur កាលពីថ្ងៃពុធសប្តាហ៍មុន ហើយក្រោយមកក៏ត្រូវបានដកឈ្មោះពីបញ្ជីក្រុមពេលស្មើនៅទឹកដី Chelsea កាលពីថ្ងៃសៅរ៍។ ដោយមិនមានការបញ្ចេញឱ្យដឹងពីផ្ទៃក្នុងក្លិប Manchester United តែត្រូវបានគេដឹងថា មានការជជែករកដំណោះស្រាយរវាងអ្នកចាត់ការ Erik ten Hag និង Cristiano Ronaldo ប៉ុន្មានថ្ងៃកន្លងមកនេះ។
បន្ទាប់ពីសប្តាហ៍ដ៏ក្តៅគគុករបស់ Ronaldo ពេញមួយសប្តាហ៍គេសង្កេតឃើញអតីតខ្សែប្រយុទ្ធ Real Madrid និង Juventus រូបនេះត្រលប់មកហ្វឹកហាត់នៅទីលានហ្វឹកហាត់ Carrington ប្រកបដោយទឹកមុខញញឹមរីករាយប្រសើរជាងមុន។ Ronaldo ត្រូវបានគេរំពឹងថានឹងចូលលេងវិញពេល Manchester United ទទួល Sheriff Tiraspol នៅថ្ងៃព្រហស្បតិ៍ស្អែកនេះនៃក្របខណ្ឌ UEFA Europa League។ ខ្សែការពារអង់គ្លេស Harry Maguire និងខ្សែបម្រើហូឡង់ Donny van der Beek ក៏គេឃើញត្រលប់មកហ្វឹកហាត់វិញដែរក្រោយជាពីរបួស៕
Post a Comment