ផ្លូវល្បឿនលឿន«ភ្នំពេញ-បាវិត»គ្រោងនឹងបញ្ចប់ការសាងសង់ឆ្នាំ២០២៧ តំណាលផ្លូវល្បឿនលឿន«ហូជីមិញ-ម៉ុកបៃ »ប្រទេសវៀតណាម
ផ្លូវល្បឿនលឿនទី២«ភ្នំពេញ-បាវិត»នឹងចាប់ផ្តើមសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៧ខាងមុខតំណាលគ្នាជាមួយគម្រោងសាងសង់ផ្លូវល្បឿន«ហូជីមិញ-ម៉ុកបៃ» របស់វៀតណាម។នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
យោងតាមបណ្តាញសង្គមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា នៅថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាជំរុញការងារសិក្សាសមិទ្ធិលទ្ធភាព និងពង្រាងកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជននៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ដោយមានការចូលរួមផងដែរពីឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងវត្តមានមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ក្រសួងបានលើកឡើងថា ចំណុចសំខាន់ៗនៃការងារសិក្សាសមិទ្ធិលទ្ធភាព និងកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជននៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ត្រូវបានលើកយកមកពិនិត្យពិភាក្សាបន្ត ដើម្បីជំរុញឱ្យបានចប់សព្វគ្រប់ហើយឈានទៅរកការចុះកិច្ចសន្យាបានតាមការគ្រោងទុកនាពេលខាងមុខ។
ប្រភពបានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យពិភាក្សារិះរកដំណោះស្រាយធ្វើយ៉ាងណាឱ្យការងារសិក្សាសមិទ្ធិលទ្ធភាព និងពង្រាងកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជននៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត មានខ្លឹមសារគ្រប់ជ្រុងជ្រោយអាចទទួលយកបាន និងអាចអនុវត្តដោយរលូននៅពេលអនាគតប្រកដោយគុណភាព និងប្រសិទ្ធភាពការងារខ្ពស់ ជាពិសេស ដើម្បីឈានទៅរកការចុះកិច្ចសន្យាពេលខាងមុខតាមផែនការដែលបានគ្រោងទុក។
ក្រសួងក៏បានលើកឡើងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនឹងក្លាយជាផ្លូវល្បឿនលឿនទីពីរក្នុងព្រះរាជាណាចក្រកម្ពុជាដែលគ្រោងនឹងបើកការដ្ឋាននៅពាក់កណ្តាលឆ្នាំ២០២៣ខាងមុខហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៧។ដោយរំពឹងទុកថា នឹងបញ្ចប់តំណាលគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃរបស់វៀតណាម ហើយនឹងធ្វើការតភ្ជាប់គ្នានៅត្រង់ចំណុចដែលទទួលបានការឯកភាពទ្វេភាគីតែម្តង៕
Post a Comment