មេដឹកនាំតៃវ៉ាន់​ប្រកាសលាលែង​ពី​តំណែង​ប្រធាន​​បក្ស​

ប្រធានាធិបតី​តៃវ៉ាន់​ លោ​ស្រី Tsai Ing-wen បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ បន្ទាប់​ពី​ចាញ់​ការ​បោះ​ឆ្នោត​មូលដ្ឋាន​កាលពី​ថ្ងៃ​សៅរ៍​ ទី​២៦ វិច្ឆិកា កន្លង​ទៅ​នេះ​។

អ្នកបោះឆ្នោត​នៅ​តៃវ៉ាន់​យ៉ាងច្រើន​លើសលុប​បាន​ជ្រើសរើស​យក​គណបក្សប្រឆាំង Kuomingtang ឬ KMT នៅ​ក្នុង​តំបន់​សំខាន់​ៗ​ជា​ច្រើន​នៅ​តៃវ៉ាន់​។

អ្នកជំនាញ​និយាយ​ថា លោកស្រី Tsai Ing-wen ធ្លាប់​និយាយ​ជា​ច្រើន​ដង​អំពី​ការ​ប្រឆាំង​ចិន និង​ការពារ​តៃវ៉ាន់​នៅ​ក្នុង​ដំណើរ​នៃ​ការ​ធ្វើ​យុទ្ធនាការ​សម្រាប់​គណបក្ស​របស់​លោកស្រី​។ ប៉ុន្តែ​បេក្ខជន​របស់​បក្ស​គឺ​លោក Chen Shih-chung ដែល​ចាញ់​ការ​ប្រកួតប្រជែង​សម្រាប់​តំណែង​អភិបាលក្រុង​តៃប៉ិ (Taipei) បាន​លើក​ឡើង​តែ​ពី​បញ្ហា​ការ​គំ​រា​.​ម​កំហែង​របស់​គណ​បក្សកុម្មុយនិស្ត​ចិន​ពីរ​បី​ដង​ប៉ុណ្ណោះ មុន​ពេល​ប្តូរ​ទៅ​និយាយ​ពី​បញ្ហា​ក្នុងស្រុក​វិញ​ភ្លាម​ៗ​ព្រោះ​មានការ​ចាប់អារម្មណ៍​តិចតួច​។

លោកស្រី Tsai Ing-wen ប្រកាស​លាលែង​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​ដោយ​លោកស្រី​ក៏​បាន​អរគុណ​ដល់​អ្នកគាំទ្រ​ផង​ដែរ​។

ស្ត្រី​ខ្លាំង​រូប​នេះ​ថ្លែង​ថា «​ខ្ញុំ​ត្រូវ​តែ​ទទួលខុសត្រូវ​ទាំងអស់​។ ប្រឈម​នឹង​លទ្ធផល​បែប​នេះ មាន​វិស័យ​ជា​ច្រើន​ដែល​យើង​ត្រូវ​តែ​ពិនិត្យ​ឱ្យ​ស៊ីជម្រៅ​»។

សូម​បញ្ជាក់​ថា បេក្ខជន​មក​ពី​បក្ស​ប្រឆាំង Kuomingtang ឈ្នះ​កៅអី​នៅ​ក្នុង​រដ្ឋធានី​តៃប៉ិ ព្រមទាំង​នៅ​ក្នុង​ទីក្រុង TTaoyuan, Taichung ក្រុង New Taipei​។

ប្រជាជន​បាន​បោះ​ឆ្នោត​ជ្រើសរើស​អភិបាលក្រុង សមាជិក​ក្រុមប្រឹក្សា​ក្រុង និង​ថ្នាក់ដឹកនាំ​មូលដ្ឋាន​នៅ​ក្នុងស្រុក​ចំនួន ១៣ និង​ក្រុង​ចំនួន ៩​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រាយការណ៍​ថា ក៏​មានការ​បោះ​ឆ្នោត​ប្រជាមតិ​ដើម្បី​បន្ថយ​អាយុ​បោះ​ឆ្នោត​ពី ២០​ឆ្នាំ​មក ១៨​ឆ្នាំ​ផង​ដែរ ប៉ុន្តែ​បាន​បរាជ័យ​៕ (​យោង​តាម​ប្រភព​៖ Taiwan News)

Powered by Blogger.