កិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងបង្ហាញសមិទ្ធផលជាច្រើនក្នុងការទាក់ទាញ វិនិយោគិនបរទេស
ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម យឿន យឿត បានលើកឡើងថា ខណៈកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កម្ពុជានឹងមានសមិទ្ធផលជាច្រើន ជាពិសេសសុខសន្តិភាព និងស្ថិរភាពនយោបាយ ដើម្បីបង្ហាញ និងទាក់ទាញដល់វិនិយោគិនបរទេសឲ្យមកធ្វើការវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត។
ឯកឧត្តម យឿន យឿត បានលើកឡើងទៀតថា ដូចអ្វីដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២នេះ បានមានប្រសាសន៍នាពេលកន្លងមកហើយថា ដោយសារតែប្រទេសកម្ពុជាមានសុខសន្តិភាពគ្មានអំពើភេរវកម្មនេះហើយ ទើបកម្ពុជាមានភាពរីកចំរើនលើគ្រប់វិស័យរហូតដល់សព្វថ្ងៃនេះ។ ជាងនេះទៅទៀតកត្តាសន្តិភាពនេះទើបកម្ពុជាមានឱកាសដឹកនាំកិច្ចប្រជុំធំៗជាច្រើនជាពិសេសកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត នាពេលប៉ុន្មានថ្ងៃខាងមុខនេះដោយកិច្ចប្រជុំនេះនឹងមានថ្នាក់ដឹកនាំអង្គការ និងប្រទេសធំៗ នៅលើពិភពលោកចូលរួមដូចជាលោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក នាយករដ្ឋមន្រ្តីចិន.ជប៉ុន. កូរ៉េ. ឥណ្ឌា. កាណាដា. អូស្ត្រាលី និងប្រទេសជាច្រើនទៀត។ឯកឧត្តមទីប្រឹក្សារាជរដ្ឋាភិបាលបានលើកឡើងទៀតថា «ខណៈប្រទេសកម្ពុជាកំពុងធ្វើជាប្រធាននៃកិច្ចប្រជុំខាងលើ ដោយមានថ្នាក់ដឹកនាំប្រទេសធំៗនៅលើពិភពលោកចូលរួមផងនោះ កម្ពុជានឹងមាន សមិទ្ធផល និងសក្កានុពលជាច្រើនសម្រាប់បង្ហាញ និងទាក់ទាញនូវក្រុមវិនិយោគបរទេសទាំងនោះឲ្យមក ធ្វើការរកស៊ី និងវិនិយោគនៅប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ ហើយប្រសិនបើមានអ្នកវិនិយោគបរទេស មកកាន់តែច្រើន ការងារក៏កាន់តែច្រើនសម្រាប់បងប្អូនជនរួមជាតិខ្មែរយើងទាំងអស់គ្នាផងដែរ»។ អគុណ សន្តិភាព មានសន្តិភាពគឺមានអ្វីៗគ្រប់យ៉ាងទាំងអស់៕
Post a Comment