មន្រ្តីជំនាញរម្លឹកពលរដ្ឋប្រុងប្រយ័ត្នពីជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យអុំទូក
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សហការជាមួយអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៥ និងទី៦ខែវិច្ឆិកា ឆ្នាំ២០២២ បានរៀបចំទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងពិនិត្យសុខភាព ជូនប្រជាពលរដ្ឋ ស្ថិតក្នុងវត្តចំប៉ាចារ៍ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ការរៀបចំទីតាំងចាក់វ៉ាក់សាំង និងពិនិត្យសុខភាព ក្នុងវត្តនាពេលនេះ ធ្វើឡើងស្របពេលដែលលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន និងក្រុមគ្រួសារផ្តួចផ្តើមរៀបចំពិធីបុណ្យកឋិនទាន។នៅឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិតឱ វណ្ណឌីន មានប្រសាសន៍ បើទោះបីបច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា មានភាពធូស្រាលក្តី តែប្រជាពលរដ្ឋមិនត្រូវធ្វេសប្រហែសនោះទេ ជាពិសេសក្នុងឱកាសពិធីបុណ្យអុំទូកនៅពេលខាងមុខ។
ក្រៅពីនេះ លោកជំទាវ បន្តអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវទៅទទួលការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៣ ទី៤ និងទី៥ ឱ្យបានគ្រប់ៗគ្នា ដើម្បីរក្សាបាននូវភាពស៊ាំបុគ្គល និងភាពស៊ាំសហគមន៍ ធានាបាននូវនិរន្តរភាពនៃការរស់នៅប្រចាំថ្ងៃក្នុងប្រក្រតីភាពថ្មីរបស់បងប្អូនបានយូរអង្វែងតទៅ។
ប្រជាពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ បានលើកឡើងដែរថា បន្ទាប់ពីចាក់វ៉ាក់សាំងដូសជំរុញរួចសុខភាពធម្មតា កាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ និងមិនចង់ឲ្យប្រទេសកម្ពុជាវិលទៅរកការឆ្លងជំងឺកូវីដ-១៩ ដូចកាលឆ្នាំមុននោះទេ។លើសពីនេះ ពួកគាត់បានអរគុណដល់រាជរដ្ឋាភិបាល ដែលស្វះស្វែងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ចាប់ពីតាំងពីថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០២១មក ប្រទេសកម្ពុជា បើកដំណើរការប្រទេសឡើងវិញធម្មតា តាមបែបគន្លងថ្មី ជាមួយវត្តមានជំងឺកូវីដ-១៩ ក្រោយពេលរាជរដ្ឋាភិបាលទទួលបានជោគជ័យ លើនយោបាយចាក់វ៉ាក់សាំងកូវីដ ស្រោចលើប្រជាពលរដ្ឋបានជាច្រើនលាននាក់។ បច្ចុប្បន្នការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ត្រូវបានរាជរដ្ឋាភិបាល បន្តចាត់ទុកជាយុទ្ធសាស្រ្តដ៏សំខាន់មួយ ដើម្បីធានានិរន្តរភាព សេដ្ឋកិច្ច និងការរស់នៅជាធម្មតា តាមបែបគន្លងថ្មី ជាមួយជំងឺកូវីដ-១៩៕
Post a Comment