សម្ដេចក្រឡាហោម ស ខេង ឯកភាពឲ្យសិក្សាលទ្ធភាពកំណត់ឆ្នាំផលិតរថយន្ដនាំចូលកម្ពុជា ដើម្បីកាត់បន្ថយហានិភ័យដល់អ្នកប្រើប្រាស់

ស្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានឯកភាពចំពោះយោបល់ស្នើឲ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពិនិត្យលទ្ធភាពពិចារណាស្នើសុំរាជរដ្ឋាភិបាល ដើម្បីកំណត់ឆ្នាំផលិតរថយន្ដដែលត្រូវនាំចូលមកប្រទេសកម្ពុជា។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា ការសិក្សាកំណត់ឆ្នាំរថយន្ដដែលនាំចូលកម្ពុជានេះ គឺដើម្បីកាត់បន្ថយរថយន្ដជជុះដែលមានហានិភ័យដល់អ្នកប្រើប្រាស់។

សម្ដេចក្រឡាហោម ស ខេង នៅក្នុងកិច្ចប្រជុំនោះ បានសម្ដែងការពេញចិត្តចំពោះផែនការរបស់គណៈកម្មា ធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដ្បិតមានទស្សនវិស័យវែងឆ្ងាយ និងប្រាកដនិយម ក្នុងការដោះស្រាយបញ្ហាចរាចរណ៍នៅកម្ពុជា។ បន្ថែមពីនេះ សម្ដេចក៏បានជំរុញឲ្យខិតខំប្រឹងប្រែងបង្កើតនូវការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវផងដែរ។

សូមជម្រាបថា កិច្ចប្រជុំនៅព្រឹកមិញនេះ មានការអញ្ជើញចូលរួមពីលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ស.ច.គ លោក និងលោកស្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីចំណុះអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាច្រើនរូបទៀត។

ក្នុងនោះលោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. ថ្លែងថាផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាផែនការសកម្មភាពរយៈពេល១០ឆ្នាំ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ និងជាផែនការជាតិលើកទី២ បន្តពីលើកទី១ ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២១។ ផែនការនេះ ជាឧបករណ៍រួមចំណែកសម្រេចជោគជ័យនូវយុទ្ធសាស្រ្តចតុកោណរាជរដ្ឋាភិបាលកម្ពុជា និងស្របតាមគោលនយោបាយជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

លោកស្រីបន្ដថា ផែនការជាតិនេះ បានសម្របសម្រួលទៅតាមផែនការសកម្មភាពអង្គការសហប្រជាជាតិ (UN) ផ្អែកតាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងស្របតាមការវិវត្តន៍ជឿនលឿនរបស់ជាតិលើគ្រប់វិស័យ ជាពិសេសវិស័យពាក់ព័ន្ធនឹងសកម្មភាពចរាចរណ៍ផ្លូវគោក ដូចជាអត្រាកំណើនប្រជាជន កំណើនសេដ្ឋកិច្ច កំណើនយានយន្ត ការអភវិឌ្ឍវិស័យផ្លូវថ្នល់ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បទពិសោធន៍ល្អៗនៃវិធានការរឹតបន្តឹងការអនុវត្តច្បាប់ និងបញ្ហាប្រឈមនានា។

របាយការណ៍ឲ្យដឹងថា ផ្នែកសំខាន់នៃផែនការជាតិទសវត្សរ៍សុត្ថភាពចរាចណ៍ផ្លូវគោកលើកទី២ មានគោលបំណងកាត់បន្ថយអ្នកស្លាប់ និងអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យបាន៥០ភាគរយនៅឆ្នាំ២០៣០ ដោយផ្ដោតលើគោលដៅសំខាន់២ រួមមាន ទី១៖ កាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសតាមកត្តាហានិភ័យ នៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងទី២៖ បង្កើនប្រសិទ្ធភាពការអនុវត្តការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយផ្អែកលើសរសរស្ដម្ភចំនួន៦។

សរសរស្ដម្ភទាំង៦នោះ ត្រូវបានលោកស្រី មឹន មាណវី រាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គប្រជុំនោះ ទី១៖ ការពង្រឹងយន្តការគ្រប់គ្រងនិងដឹកនាំការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក, ទី២៖ ពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ, ទី៣៖ ពង្រឹងការអប់រំ ផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក, ទី៤៖ ពង្រឹងការគ្រប់គ្រងវិស្វកម្មសុវត្ថិភាពផ្លូវថ្នល់, ទី៥៖ ពង្រឹងប្រសិទ្ធភាពនៃសេវាសង្គ្រោះបឋមនិងសង្គ្រោះបន្ទាន់ និងទី៦៖ ពង្រឹងការគ្រប់គ្រងសុវត្ថិភាពយានយន្ត។


សូមបញ្ជាក់ថា យុទ្ធសាស្រ្តនៃផែនការនេះ បានកំណត់គោលដៅជាក់លាក់លើរាជធានី និងខេត្តមានស្លាប់ និងរបួសច្រើន រួមមានរាជធានីភ្នំពេញ ខេត្តកណ្ដាល ព្រះសីហនុ កំពង់ចាម សៀមរាប បន្ទាយមានជ័យ ក្រចេះ កំពង់ធំ បាត់ដំបង ពោធិ៍សាត់ ស្វាយរៀង ព្រៃវែង កំពង់ស្ពឺ តាកែវ និងខេត្តកំពត ដោយផ្ដោតលើមូលហេតុនាំឲ្យមានគ្រោះថ្នាក់ ដូចជាការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការមិនពាក់មួកសុវត្ថិភាពជាដើម៕


Powered by Blogger.