នាយក​រដ្ឋមន្ត្រី​កម្ពុជា ណែនាំ​ឲ្យ​ស្វែងរក​អ្នក​ផ្ទុកមេរោគ​អេ​ដស៍ ជាង​១​ម៉ឺន​នាក់ បាត់​មុខ​មិន​ទាន់​មក​ទទួល​សេវា​ព្យាបាល

សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​កម្ពុជា បាន​ណែនាំ​ឲ្យភាគី​ពាក់ព័ន្ធ​ ត្រូវ​ខិតខំ​ថែម​ទៀត ក្នុង​ការ​ស្វែងរក​អ្នក​ផ្ទុកមេរោគ​អេ​ដស៍ ដែលបាត់​មុខ​មិន​ទាន់​មក​ទទួល​សេវា​ព្យាបាល​ប្រមាណ ១១.០០០​នាក់ ដើម្បី​បញ្ចៀស​កុំឲ្យមានការ​បោះបង់​ការ​ព្យាបាល​របស់​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ ។


តាម​រយៈ​សារលិខិត ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ​ថ្ងៃ​ទី​១​ធ្នូ សម្ដេច​តេ​ជោ ហ៊ុន សែន បានឱ្យ​ដឹង​ថា អ្នក​ផ្ទុកមេរោគ​អេ​ដស៍​នៅ​កម្ពុជា ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ចំណោម​ប្រជាជន​ក្រីក្រ ដែល​កំពុង​ទទួល​បានការ​គាំពារ​សង្គម​កាន់តែ​ទូលំទូលាយ​ ។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​សហការ​ជាមួយ​ក្រសួងផែនការ ដើម្បី​កែសម្រួល​នីតិវិធី​ក្នុង ការ​អនុញ្ញាត​ឱ្យ​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ទាំងអស់ ដែល​ពុំ​ទាន់​ទទួល​ការ​គាំពារ​សង្គម អាច​ទទួល​បណ្ណ​សមធម៌ ឬ​អត្តសញ្ញាណ​បណ្ណ​ជន​ក្រីក្រ​។ គិត​ត្រឹម​ត្រីមាស​ទី​២ ឆ្នាំ​២០២២ មាន​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ ចំនួន ៦៣.៦១០​នាក់ បាន​កំពុង​ទទួល​ការ​ព្យាបាល​ ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេ​ដស៍​ ដោយ​ឥត​គិត​ប្រាក់ ​ពី​មន្ទីរពេទ្យ​រដ្ឋ ក្នុង​នោះអ្នក​ផ្ទុក​មេ​រោ​គេ​អ​ដស៍​ចំនួន ៦.៦១៧​នាក់ បាន​ទទួល​បាន​ប័ណ្ណ​មូលនិធិ​សមធម៌​ ផង​ដែរ ​។

សម្ដេច​តេ​ជោ បន្ដ​ថា កម្ពុជាជា​ប្រទេស​ឈានមុខ​មួយ ដែល​កំពុង​ផ្លាស់​ប្តូរ​មុខមាត់​កម្មវិធីអេ​ដស៍ ​ពី​ការ​ពឹងផ្អែក​លើ​តែ​ជំនួយ​ខាងក្រៅ មក​ជា​កម្មវិធី​អេ​ដស៍ ​ដែល​មាន​ភាព​ធន់ និង​មាន​ចីរភាព ​។

សម្ដេច ថា កម្ពុជាបាន​ចាប់ផ្តើម​ពង្រឹង​ប្រព័ន្ធ​ជាតិ សំដៅ​បង្កើត​ចរន្ត​ជាតិ​មួយ​ដែល មុត​ស្រួច​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ដោយ​បង្ក​លក្ខណៈ​ឱ្យ​គ្រប់​ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដំណើរការ​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ អេ​ដស៍​គ្រប់​លំដាប់ថ្នាក់ និង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ អង្គការ​អន្តរជាតិ រួម​ទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល សង្គម​ស៊ី​វិល​ជាតិ និង​អន្តរជាតិ​ ផង​ដែរ ​។

សម្ដេច​តេ​ជោ បញ្ជាក់​ថា «​យើង​ទាំងអស់​គ្នា ​ត្រូវ​ខិតខំ​ថែម​ទៀត ក្នុង​ការ​ស្វែងរក​អ្នក​ផ្ទុកមេរោគ​អេ​ដស៍ ដែល​បាត់​មុខ​មិន ទាន់​មក​ទទួល​សេវា​ព្យាបាល​ប្រមាណ ១១.០០០​នាក់ និង​ក្នុង​ការ​បញ្ចៀស​កុំឱ្យ​មានការ​បោះបង់​ការព្យាបាល​របស់​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ទាំងអស់ ​។ ជាមួយ​នោះ ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវ​តែ​ដើរតួ​នាទី​នាំមុខ ជា​អ្នកសម្របសម្រួល​កម្មវិធី​បង្ការ ទប់ស្កាត់​ការ​រីក​រាលដាល នៃ​មេរោគ​អេ​ដស៍​ ក្នុង​ចំណោម​ប្រជាជន​គន្លឹះ ដូច​ជា ក្រុម​បុរស​រួម​ភេទ​ជាមួយ​បុរស ក្រុម​បំប្លែង​ភេទ ក្រុម​អ្នក​បម្រើសេវា​កម្សាន្ត​សប្បាយ​ជាដើម​»​ ។

លើស​ពី​នេះ សម្ដេច នាយក​រដ្ឋមន្ដ្រី លើក​ឡើង​ថា ដើម្បី​ឈាន​ទៅ​សម្រេច​ជោគជ័យ​ នៃ​ការ​បង្ការ ទប់ស្កាត់ ការ​រីក​រាលដាល​នេះ ស្ថាប័នរដ្ឋ​ទាំងអស់ ទាំង​ថ្នាក់​ជាតិ ទាំង​ថ្នាក់​ក្រោម​ជាតិ ត្រូវ​តែ​សហការ​ឱ្យ​បាន ជិត​ស្និទ្ធ ជាមួយ​ប្រតិបត្តិ​ករ ព្រមទាំង​ជាមួយ​សហគមន៍ ​នៃ​ប្រជាជន​គន្លឹះ​ទាំងអស់ ក្នុង​ការ​ផ្សព្វផ្សាយ សារ​សុវត្ថិភាព ​នៃ​ការ​រួម​ភេទ ដូច​ជា​ការ​ប្រើប្រាស់​ស្រោមអនាម័យ កម្មវិធី PrEP ឬ PEP ឬ​ការ​ធ្វើតេស្ត រក​មេរោគ​អេ​ដស៍ ​ដោយ​ខ្លួនឯង​ជាដើម​ ៕

Powered by Blogger.