ឯកឧត្តម ស សុខា អញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានា ចែកកង់ និងសម្ភារៈសិក្សាជូនសិស្ស ២៥០នាក់ ក្នុងសាលាបឋមសិក្សាបញ្ញា
ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ក្លោងទ្វារ ដងទង់ជាតិ និងចែកកង់ ព្រមទាំងសម្ភារៈសិក្សា ជូនដល់សិស្សក្រីក្រ ចំនួន ២៥០នាក់ ក្នុងសាលាបឋមសិក្សាបញ្ញា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងស្រុកសង្កែ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា វិស័យអប់រំ គឺជាវិស័យអាទិភាពមួយ ដែលមិនអាចប្រកែកបានក្នុងការជំរុញការអភិវឌ្ឍ ។ ហើយតាមរយៈការសិក្សា យើងបានដឹងថា បណ្ដាប្រទេសមួយចំនួន ដែលធ្លាប់បានរងការបំផ្លិចបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធស្ទើតែទាំងស្រុង ក៏ប៉ុន្តែគេអាចពង្រឹងខ្លួនឯង និងធ្វើការអភិវឌ្ឍឡើងវិញបានយ៉ាងឆាប់រហ័ស ។ ជាក់ស្តែងដូចជាប្រទេសជប៉ុនជាដើម ។ នោះគឺផ្ដើមចេញពីការយកចិត្តទុកដាក់អភិវឌ្ឍវិស័យអប់រំ ជាចម្បងនេះឯង។
ឯកឧត្តម បន្តទៀតថា ចំណែកកម្ពុជារបស់យើងវិញ ក៏បាន និងកំពុងតែយកចិត្តទុកដាក់ទៅលើការពង្រឹងវិស័យអប់រំ ដោយបានចាត់ទុកការអប់រំ ជាគន្លឹះ និងជាកូនសោដ៏សំខាន់បំផុតក្នុងការអភិវឌ្ឍ។ ក្នុងនោះក្រសួងអប់រំ យុវជន និងកីឡា ដែលជាក្រសួងសាមី និងភាគីពាក់ព័ន្ធដទៃទៀត ក្រោមការគូសវាស និងចង្អុលបង្ហាញប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងដាក់ចេញនូវផែនការនានា សំដៅធ្វើយ៉ាងណាដើម្បីពង្រឹងគុណភាព និងធ្វើទំនើបកម្មវិស័យអប់រំ ឱ្យបានកាន់តែប្រសើរ ដូចបណ្ដាប្រទេសនានា ទាំងនៅក្នុងតំបន់ និងនៅជុំវិញពិភពលោក។ ក្នុងន័យនេះដែរ ក្រសួងអប់រំ បាន និងកំពុងយកចិត្តទុកដាក់បណ្តុះបណ្តាល ក៏ដូចជាពង្រឹងសមត្ថភាពបុគ្គលិកអប់រំ សាស្ត្រាចារ្យ និងលោកគ្រូ អ្នកគ្រូនៅគ្រប់ភូមិសិក្សា ជាពិសេសដើម្បីឆ្លើយតបទៅនឹងយុគសម័យបច្ចេកវិទ្យាឌីជីថល។
លើសពីនេះទៅទៀត ឯកឧត្តម ស សុខា បានគូសបញ្ជាក់ដែរថា ធនធានមនុស្សគ្រប់ផ្នែកគ្រប់ជំនាញ សុទ្ធតែប្រសូតចេញពីវិស័យអប់រំទាំងអស់។ គ្រូពេទ្យ មន្ត្រីរាជការស៊ីវិល មន្ត្រីនយោបាយ នគរបាល ទាហាន បុគ្គលិកឯកជន ។ល។ និង។ល។ គឺសុទ្ធតែជាគ្រាប់ពូជ ដែលត្រូវបានសាបព្រោះ និងបណ្ដុះដាំ ថែទាំស្រោចទឹកដាក់ជីដោយដៃរបស់លោកគ្រូ អ្នកគ្រូ នៅតាមបណ្ដាសាលារៀននានា។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ផងដែរថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍធនធានមនុស្ស ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៥ នៃរដ្ឋសភា ចាប់ពីខែកញ្ញា ឆ្នាំ២០១៣ មក ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញអាទិភាពកំណែទម្រង់ ដំណាក់កាលទី១ ដែលមាន ៨ចំណុច រួមមាន ៖ ទី១. ការពង្រឹងគុណភាពអប់រំ ទី២. ការពង្រឹងការគ្រប់គ្រងបុគ្គលិក ទី៣. ការពង្រឹងការប្រឡងគ្រប់ប្រភេទ ទី៤. កំណែទម្រង់ឧត្តមសិក្សា ទី៥. ការអភិវឌ្ឍសម្រាប់យុវជននូវជំនាញបច្ចេកទេស និងជំនាញទន់ ទី៦. កំណែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ទី៧. កំណែទម្រង់ការអប់រំកាយនិងកីឡា និង ទី៨. ការបង្កើតអង្គភាពស្រាវជ្រាវគោលនយោបាយវិស័យអប់រំ។
ឯកឧត្តម ស សុខា ក៏បានលើកឡើងដែរថា នៅក្នុងឆ្នាំ២០១៥ ក្រសួងអប់រំ ក៏បានដាក់ចេញនូវវិធានការកំណែទម្រង់ វិស័យអប់រំ ដំណាក់កាលទី២ គឺកំណែទម្រង់សាលារៀន ដោយក្រសួង បានសាកល្បងបង្កើតសាលារៀនជំនាន់ថ្មី ដែលមានស្វ័យភាពក្នុងការអនុវត្តនៅកម្មវិធីសិក្សា ដើម្បី បណ្តុះបណ្តាលធនធានមនុស្ស ឱ្យមានបំណិនសតវត្សទី២១ មានស្តង់ដាវិជ្ជាជីវៈខ្ពស់ មានគណនេយ្យភាព នវានុវត្តន៍ ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននៅក្នុងការរៀន និងបង្រៀន ប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មី ការបំពាក់ឧបករណ៍សម្ភារសម្រាប់បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ ការផ្តោតលើមុខវិជ្ជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (ស្ទែម) ការបង្កើតក្លិបសិក្សា ការបង្រៀនសរសេរកូដកុំព្យូទ័រ និងមនុស្សយន្តការបង្រៀនបំណិនជីវិត និងការផ្តល់ប្រឹក្សាលើមុខជំនាញ ជាដើម។
ឯកឧត្តម ស សុខា ក៏បានរំលេចប្រសាសន៍របស់សម្តេចតេជោ ដែលលើកឡើងថា សាលារៀន គឺជាទីកន្លែងបណ្តុះបណ្តាលធនធានមនុស្ស បើគ្មានធនធានមនុស្សទេ ប្រទេសជាតិមួយមិនអាចអភិវឌ្ឍឱ្យជឿន លឿនបានទេ ។ ប្រសិនបើយើងមិនធ្វើការវិនិយោគទៅលើវិស័យអប់រំទេ នោះយើងមិនអាចមានធនធានមនុស្សគ្រប់គ្រាន់ ដើម្បីដើរឱ្យទាន់សម័យកាលបានទេ។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សានុសិស្ស ជាប់និទ្ទេស A នាពេលកន្លងមក។
ជាទីបញ្ចប់ ឯកឧត្តម ស សុខា មានជំនឿយ៉ាងមុតមាំថា អគារសិក្សា ដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃនេះ ពិតជាបានចូលរួមចំណែកឆ្លើយតបទៅនឹងគោលនយោបាយលើកកម្ពស់វិស័យអប់រំ របស់រាជរដ្ឋាភិបាល ក្នុងការពង្រាយ និងបង្ខិតសាលារៀន ឲ្យកាន់តែជិតប្រជាពលរដ្ឋ ។ យ៉ាងណាក៏ដោយ បើមានតែសាលារៀន នៅមិនទាន់គ្រប់គ្រាន់នៅឡើយ គឺទាមទារនូវការយកចិត្តទុកដាក់ពីសំណាក់បុគ្គលិកអប់រំ ជាពិសេសលោកគ្រូ អ្នកគ្រូ នៅគ្រប់កម្រិតសិក្សាបន្ថែមទៀត ព្រោះថាគ្រូបង្រៀនដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាអ្នកណែនាំផង ជាម្តាយឪពុកផង និងជាអ្នកគ្រប់គ្រងផង ។ ការណ៍នេះមានន័យថា អាជីព គ្រូបង្រៀន មានទំនួលខុសត្រូវច្រើនជាងអាជីពផ្សេងទៀត។
Post a Comment