សម្ដេចក្រឡាហោម ស ខេង ទទួលមេដាយមាសអនុស្សាវរីយ៍មហាកំពែង ពីសន្និសីទលើកទី១ នៃវេទិកាសហប្រតិបត្តិការសន្ដិសុខសាធារណៈសកល
នាសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ តាមប្រព័ន្ធវិដេអូសន្និសីទ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលមេដាយមាសអនុស្សាវរីយ៍មហាកំពែង (Great Wall Commemorative Medal) ពីសន្និសីទលើកទី១ នៃវេទិកាសហប្រតិបត្តិការសន្ដិសុខសាធារណៈសកល (Liangyungang) ដែលប្រគល់ជូនដោយលោក Wang Xiaohong សមាជិកលេខាធិការដ្ឋាន នៃគណៈកម្មាធិការកណ្ដាលបក្សកុំម្មុយនិស្ដចិន (CPC) និងជារដ្ឋមន្ដ្រីក្រសួងសន្ដិសុខសាធារណៈចិន ដែលជាមេដាយកិត្តិយសដ៏ខ្ពស់បំផុតសម្រាប់ថ្នាក់ដឹកនាំបរទេសឈានមុខលំដាប់ពិភពលោក ដែលបានរួមចំណែកដល់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់អន្តរជាតិ សន្តិភាព និងស្ថិរភាពពិភពលោក។
ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំកម្ពុជា ចំនួន០២រូបទៀត ក៏ទទួលបានមេដាយនេះដែរ រួមមាន៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្នាក់មេដាយមាស និងលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្នាក់មេដាយប្រាក់។
ទន្ទឹមនឹងការទទួលបានមេដាយកិត្តិយសដ៏ថ្លៃថ្លានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមសម្តេចផ្ទាល់ និងក្នុងនាមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងឧត្តមសេនីយ៍ឯក ឌី វិជ្ជា សម្តេចក្រឡាហោម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅប្រកបដោយមហាកិត្តិយសបំផុត និងបានមានប្រសាសន៍ថា ការទទួលបាននូវគ្រឿងឥស្សរិយយសប្រកបដោយគុណតម្លៃដ៏វិសេសវិសាលនេះ គឺជាមោទកភាពសម្រាប់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃកម្ពុជា ដែលជាស្ថាប័នទទួលខុសត្រូវក្នុងភារកិច្ចថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
សម្ដេចក្រឡាហោម មានប្រសាសន៍បន្ដថា ក្នុងន័យនេះ «មេដាយមាស មេដាយប្រាក់ អនុស្សាវរីយ៍មហាកំពែង» មិនត្រឹមតែជាការលើកទឹកចិត្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាការលើកទឹកចិត្តដ៏ខ្លាំងក្លាមួយបន្ថែមទៀត ដល់សមត្ថកិច្ចអនុវត្តច្បាប់ របស់កម្ពុជាទាំងមូល ក្នុងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ដើម្បីបម្រើដល់បុព្វហេតុជាតិ និងប្រជាជន។
លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍បន្ថែមថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយឧបត្ថម្ភគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈកាយវិកា និងសមានចិត្តដ៏សប្បុរសនេះ បានរួមចំណែកដល់ការបើកដំណើរការឡើងវិញជាប្រក្រតីនូវរាល់សកម្មភាពសង្គម និងផ្ដល់លទ្ធភាពដល់ដំណើរការស្ដារឡើងវិញនូវសេដ្ឋកិច្ចសង្គម បន្ទាប់ពីការធូរស្រាលនៃជំងឺរាតត្បាតនេះ។
សូមបញ្ជាក់ថា សន្និសីទលើកទី១ នៃវេទិកាសហប្រតិបត្តិការសន្ដិសុខសាធារណៈសកល (Liangyungang) ត្រូវបានរៀបចំឡើងក្រោមប្រធានបទ៖ កិច្ចសហការសន្តិសុខដើម្បីវិបុលភាពរួម ដែលមានអ្នកចូលរួមមកពី៤០ប្រទេស។ វេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកល (Liaryungang) គឺជាអង្គការមិនមែនរដ្ឋាភិបាល និងជាវេទិកាអន្តរជាតិមិនរកប្រាក់ចំណេញ ដែលបានរៀបចំឡើងជាទៀងទាត់នៅទីកន្លែងអចិន្ត្រៃយ៍មួយ។
វេទិកានេះ វាត្រូវបានតម្លើងកម្រិត និងប្រែក្លាយពីវេទិកា Lianyungang ដែលបានបើកដំណើរការដោយ ក្រសួងសន្តិសុខសាធារណៈចិន នៅឆ្នាំ២០១៥ ហើយមានគោលបំណងផ្តល់នូវវេទិកាបើកចំហកាន់តែទំនើប និងយ៉ាងទូលំទូលាយសម្រាប់ការផ្លាស់ប្ដូរ និងការសម្របសម្រួលរវាងមន្ត្រីជាន់ខ្ពស់មកពីរដ្ឋាភិបាល និងអង្គការអន្តរជាតិ មន្ត្រីអនុវត្តច្បាប់ មន្ដ្រីនគរបាល អ្នកដឹកនាំអាជីវកម្ម និងក្រុមទីប្រឹក្សាជំនាញផងដែរ៕
Post a Comment