ប្រទេសទីម័រឡេស្តេ ត្រូវបានអនុញ្ញាតឱ្យចូលជាសមាជិកអាស៊ានទី ១១
ប្រទេសជាសមាជិកអាស៊ាន បានឯកភាពគ្នាអនុញ្ញាតឱ្យទីម័រឡេស្តេ ចូលជាសមាជិកអាស៊ានទី ១១ ដែលការព្រមព្រៀងនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
១. ជាគោលការណ៍ ទីម័រឡេស្តេត្រូវបានអនុញ្ញាតឱ្យចូលជាសមាជិកអាស៊ានទី ១១។
២. ផ្តល់ឋានៈជាប្រទេសសង្កេតការណ៍ដល់ទីម័រឡេស្តេ និងអនុញ្ញាតឱ្យទីម័រឡេស្តេចូលរួមក្នុងប្រជុំអាស៊ានទាំងអស់ រួមបញ្ចូលទាំងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន។
៣. បង្កើតជាផែនទីបង្ហាញផ្លូវផ្អែកលើលក្ខណៈវិនិច្ឆ័យអព្យាក្រឹត្រ សម្រាប់ការចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេ រួមទាំងផ្អែកលើសមិទ្ធផលសំខាន់នានា ដែលកំណត់ដោយរបាយការណ៍នៃបេសកកម្មស្វែងរកការពិតទាំងបីសសរស្តម្ភរបស់អាស៊ាន និងបានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ានក្នុងការបង្កើតផែនទីបង្ហាញផ្លូវនេះ ហើយត្រូវដាក់ជូនថ្នាក់ដឹកនាំអាស៊ានទាំងអស់អនុម័ត ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២។
៤. ប្រទេសសមាជិកអាស៊ានទាំងអស់ និងដៃគូខាងក្រៅត្រូវផ្តល់ការគាំទ្រដោយពេញលេញចំពោះ ទីម័រឡេស្តេ ក្នុងការឈានទៅសម្រេចបាននូវសមិទ្ធផលដែលបានកំណត់ទាំងនោះ តាមរយៈការកសាងសមត្ថភាព និងផ្តល់ការគាំទ្រចាំបាច់នានាផ្សេងទៀត សម្រាប់ការចូលជាសមាជិកអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្តេ។
គួរឱ្យដឹងថាកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២នេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលទីតាំងប្រជុំធ្វើនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ កិច្ចប្រជុំកំពូលនេះ ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១០ ខែវិច្ឆិកា ហើយនឹងបញ្ចប់ទៅវិញនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២៕
Post a Comment