អបអរខួប១៩ឆ្នាំនៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្តែងការអបអរសាទរខួប១៩ឆ្នាំ នៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ(៧ វិច្ឆិកា ២០០៣-៧ វិច្ឆិកា ២០២២) ខណៈសិល្បករ-សិល្បការិនីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាច្រើននាក់បាននិងកំពុងហាត់សមនូវរបាំព្រះរាជទ្រព្យនេះ ដើម្បីត្រៀមសម្តែងបើកមហោស្រពវប្បធម៌អាស៊ាន ក្នុងស្មារតីសាមគ្គី ដើម្បីសន្តិភាព និងដើម្បីស្វាគមន៍កិច្ចប្រជុំអាស៊ានលើកទី៤០ និងលើកទី៤១ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនោះ។
តាមរយៈទំព័រហ្វេសផ្ទាល់ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរខួប១៩ឆ្នាំ នៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យកម្ពុជា ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ -០៧ វិច្ឆិកា ២០០៣- ០៧ វិច្ឆិកា ២០២២។
ជាមួយនិងខួបលើកទី១៧ឆ្នាំនេះនៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនេះដែរ សិល្បករ-សិល្បការិនីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានកំពុងហាត់សមត្រៀមសម្តែងនូវរបាំព្រះរាជទ្រព្យផងដែរ ក្នុងទិសដៅដើម្បីអបអរសាទរ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះបើកកិច្ចប្រជុំអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នឹងធ្វើឡើងពីថ្ងៃទី១០-១៣ ខែវិចិ្ឆកាខាងមុខនេះ។សូមរលឹកថា«បាំព្រះរាជទ្រព្យ» របស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ «របាំព្រះរាជទ្រព្យ» គឺជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន របស់ព្រះរាជាណាចក្រកម្ពុជាតែមួយគត់ ដែលបានថែរក្សានាដកម្មបុរាណមួយនេះ អស់រយៈពេលដ៏យូរលង់ណាស់មកហើយ។របាំក្បាច់ខ្មែរបុរាណ ឬរបាំព្រះរាជទ្រព្យនេះ មានភាពល្បីល្បាញខាងមានកាយវិកាទន់ភ្លន់ គួរឱ្យចង់គយគន់ និង មានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ។ របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយវិកា ក្បាច់ និង មនោសញ្ចោតនា យ៉ាងប៉ិនប្រសប់ទៅតាមការវិវត្តនៃសាច់រឿង ដែលរៀបរាប់បញ្ជាក់ដោយទំនុកច្រៀង នៃក្រុមចម្រៀង ជាពួក ដែលមានតួនាទីច្រៀងជូនរបាំនេះ ជាមួយនឹងវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគុំជូនរបាំនេះផងដែរ៕
Post a Comment