ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ផ្តល់កិត្តិយសប្រទានភ្លើងបូជាសពឧបាសក ឆ័ត្រ ឆាយវឌ្ឍនៈ ត្រូវជាស្វាមីលោកជំទាវ នួម សុភ័ណ នៅខេត្តបន្ទាយមានជ័យ។

ល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញផ្តល់កិត្តិយសប្រទានភ្លើងបូជាសពឧបាសក ឆ័ត្រ ឆាយវឌ្ឍនៈ ត្រូវជាស្វាមីលោកជំទាវ នួម សុភ័ណ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យដែលបានទទួលមរណភាពកាលពីថ្ងៃសុក្រ ១០រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានសម្តែងនូវទឹកចិត្តពោរពេញដោយសេចក្តីទុក្ខក្រៀមក្រំក្តុកក្តួល សោកសៅ និងស្តាយស្រណោះ អាឡោះអាល័យយ៉ាងក្រៃលែងបំផុត និងបានចាត់ទុកការបាត់បង់ឧបាសក ឆ័ត្រ ឆាយវឌ្ឍនៈ ជាការបាត់បង់នូវឧត្តមស្វាមីប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដែលបានដឹកនាំក្រុមគ្រួសារបានយ៉ាងល្អ និងបានចូលរួមចំណែកក្នុងការកសាងនិងអភិវឌ្ឍន៍សង្គមជាតិ ព្រមទាំងកិច្ចការមនុស្សធម៌ជាច្រើនឥតគណនា។
ក្នុងឱកាសដ៏សែនសោកសង្រេងអាឡោះអាល័យរកទីបំផុតគ្មាននោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ឧទ្ទិសមហាកុសលដល់ដួងវិញ្ញាណក្ខន្ធសពឧបាសក ឆ័ត្រ ឆាយវឌ្ឍនៈ បានទៅកាន់ឋានបរមសុខកុំបីអាក់ខានឡើយ។


Powered by Blogger.