ថៃ ប្តេជ្ញាជំរុញឱ្យមានការជួញដូរដោយសេរី សម្រាប់ទីផ្សារអង្ករ
ប្រទេសថៃសន្យាជំរុញឱ្យមានការធ្វើពាណិជ្ជកម្មដោយសេរីនៅក្នុងទីផ្សារអង្ករ និងបដិសេធធ្វើអន្តរាគមន៍ទាំងក្នុងទីផ្សារក្នុងស្រុក និងពិភពលោក ព្រមទាំងត្រៀមខ្លួនសហការជាមួយប្រទេសផលិតអង្ករផ្សេងទៀតនិងអ្នកប្រើប្រាស់នៅគ្រប់ប្រទេស ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងគុណភាព។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក Jurin Laksanawisit ខណៈថ្លែងនៅក្នុងសន្និសីទអង្ករពិភពលោកលើកទី១៤ ដែលធ្វើឡើងនៅខេត្តភូកេតប្រទេសថៃកាលពីថ្ងៃពុធថា ប្រទេសដែលនាំចូលអង្ករទាំងអស់អាចធានាបានថា តម្លៃនឹងផ្អែកលើទីផ្សារតែប៉ុណ្ណោះ។
កាលពីខែកញ្ញា សេចក្តីរាយការណ៍ក្នុងស្រុកមួយបានឱ្យដឹងថា ប្រទេសថៃ និងវៀតណាមបានឈានដល់កិច្ចព្រមព្រៀងមួយក្នុងគោលបំណងបង្កើនតម្លៃអង្ករដែលផលិតក្នុងស្រុកនៅក្នុងទីផ្សារពិភពលោកក្នុងគ្រាដែលមានការកើនឡើងថ្លៃដើមសម្រាប់កសិករ។ មួយខែក្រោយមក វៀតណាមបានបដិសេធកិច្ចព្រមព្រៀងណាមួយដែលបានរាយការណ៍នេះ។
យោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្មវៀតណាម លោក Le Minh Hoan ក្រសួងកសិកម្មរបស់ប្រទេសទាំងពីរ «បានអនុវត្តសកម្មភាពសហប្រតិបត្តិការទូទៅប៉ុណ្ណោះ»។
យោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិកបានឱ្យដឹងថា ប្រទេសថៃ និងវៀតណាមរួមគ្នាមានចំនួន ១០% នៃផលិតកម្មស្រូវពិភពលោក និង ២៦% នៃការនាំចេញសកល។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ប្រទេសថៃគឺជាប្រទេសផលិតអង្ករធំជាងគេទីបួនរបស់ពិភពលោក (២០ លានតោន) បន្ទាប់ពីប្រទេសចិន (១៤៧ លានតោន) ឥណ្ឌា (១២៤លានតោន) និងវៀតណាម (២៧លានតោន)។ ការនាំចេញអង្កររបស់ថៃរំពឹងថានឹងកើនឡើងដល់ ៧,៥ លានតោននៅឆ្នាំនេះ កើនពី ៦,១១ លានតោនកាលពីឆ្នាំមុន៕
Post a Comment