លោក ចូ បៃដិន បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់កម្ពុជា ក្នុងការប្រឹងប្រែងដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ដើម្បីឲ្យវិលត្រឡប់មកស្ថានភាពដើមវិញ
ការវាយតម្លៃជាវិជ្ជមានដល់កម្ពុជានាពេលនេះ គឺជាការលើកឡើងរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានទទួលជួបពិភាក្សាកំពូលទ្វេភាគីជាមួយ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកានេះ ។
ក្នុងជំនួបកំពូលទ្វេភាគីនោះ លោក ចូ បៃដិន បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ញើសារយ៉ាងច្បាស់ចំពោះការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។
លោក ចូ បៃដិន បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថា សហគមន៍អាស៊ាន គឺមានសារៈសំខាន់ណាស់ចំពោះសហរដ្ឋអាមេរិក ជាពិសេសចំពោះរដ្ឋបាលរបស់លោកផ្ទាល់តែម្ដង ហើយសហរដ្ឋអាមេរិកគាំទ្រមជ្ឈភាពអាស៊ាន និងមិត្តភាពអាស៊ាន។ លោក ចូ បៃដិន ក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់កម្ពុជាប្រធានអាស៊ានក្នុងការប្រឹងប្រែងដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ដើម្បីឲ្យវិលត្រឡប់មកស្ថានភាពដើមវិញ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោក ចូ បៃដិន ដែលបានធ្វើដំណើមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ ដែលនេះសបញ្ជាក់ឲ្យឃើញនូវការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកចំពោះអាស៊ាន។
សម្ដេចតេជោ ហ៊ុន សែន បានជម្រាប ជូនលោក ចូ បៃដិន អំពីកិច្ចសហប្រតិបត្តិការជាមួយជប៉ុន លើការជួយអ៊ុយក្រែនក្នុងការដោះមីន និងប្រឆាំងការប្រើប្រាស់ពាក្យសំដីគំរាមកំហែង ការប្រើប្រាស់នុយក្លេអ៊ែរ។
ក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលបានបញ្ជូនវត្ថុបុរាណរបស់កម្ពុជាត្រឡប់មកកម្ពុជាវិញ។ សហរដ្ឋអាមេរិក ជាប្រទេសនាំមុខលំដាប់លេខ១ ក្នុងការបញ្ជូនវត្ថុបុរាណត្រឡប់មកកម្ពុជាវិញ៕
Post a Comment