សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតជ័យលាភី របស់សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ក្នុងស្រុកកំចាយមារ ។
ថ្លែងក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការដាក់ចេញនៅផែនការគោលនយោបាយ និងកម្មវិធីកំណែទម្រង់នានា ដើម្បីបង្កើនការចូលរៀន និងលើកកម្ពស់គុណភាពអប់រំនៅគ្រប់កម្រិត ជាពិសេសកំណែទម្រង់ថ្នាក់ឧត្ដមសិក្សា។សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថាសមត្ថភាពធនធានមនុស្សខាងផ្នែកបំណិន នាសតវត្សទី២១ ជាពិសេសផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍គឺជាកត្តាជំរុញឧត្តមភាពការប្រកួតប្រជែងរបស់ប្រទេសជាតិ។
សម្ដេចក្រឡាហោម បានបញ្ជាក់ផងដែរថា បើយោងតាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិតសិត ខន បានបង្ហាញថា សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ បាននិងកំពុងបំពេញតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ សម្រាប់ចូលរួមយ៉ាងសកម្មក្នុងដំណើរការកសាង និងលើកកម្ពស់ អភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ។
សម្ដេចក្រឡាហោម ស ខេង ក៏បានសាទរប្រកបដោយមោទកភាព ចំពោះជោគជ័យរបស់និស្សិតទាំង២ ៩០៨នាក់ ស្មើនឹង ៥៧% ក្នុងនោះរួមមាន ៖ និស្សិតថ្នាក់បរិញ្ញាបត្ររង ចំនួន ២៩៧នាក់ នារី ១៧៧នាក់ ស្មើនឹង ៦០% ថ្នាក់បរិញ្ញាបត្រ ចំនួន ២ ៤២២នាក់ នារី ១ ៤០១នាក់ ស្មើនឹង ៥៨% និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១៨៩នាក់ នារី ៦៩នាក់ ស្មើនឹង ៣៧% ។
ជាមួយគ្នានេះផងដែរ សម្ដេចក្រឡាហោម ក៏បានសង្កត់ធ្ងន់ថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងដោយមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសប្បុរសជនទាំងក្នុង និងក្រៅប្រទេស បានកសាងសាលារៀនជាច្រើនដែលបង្ខិតឲ្យទៅជិតកូនចៅប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅកាត់បន្ថយគម្លាតនៃការអប់រំ និងចំណេះដឹង រវាងជនបទ និងទីក្រុង។
សម្ដេចក្រឡាហោម ក៏បានលើកឡើងអំពីការពន្លឿនការបណ្តុះបណ្តាលធនធានមនុស្សក្នុងស្រុក ជំនួសធនធានមនុស្សពីក្រៅ ដើម្បីកាត់បន្ថយការបារម្ភរបស់វិនិយោគិនពីក្រៅ ដែលគេមានការព្រួយបារម្ភអំពីបញ្ហាធនធានមនុស្ស នៅមានកម្រិត ជាពិសេសនៅពេលដែលកម្ពុជា កំពុងគិតគូរអំពីបញ្ហាឆ្លើយតបនៃចរន្តសេដ្ឋកិច្ចឌីជីថល នាពេលបច្ចុប្បន្ន និង ពេលអនាគត៕
Post a Comment