​សម្តេចតេជោ៖ដៃគូសេដ្ឋកិច្ចល្អនាំទៅដល់ការលើកកម្ពស់ទំនាក់ទំនងទាំងផ្នែកនយោបាយ

 ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានឯកភាពចំពោះការវាយតម្លៃ អំពីកិច្ចសហប្រតិបត្តិការ​ល្អរវាងប្រទេស​វៀតណាម​និងកម្ពុជា ហើយសម្តេចមានប្រសាសន៍ថា៖ដៃគូសេដ្ឋកិច្ចគឺល្អនាំទៅដល់ការលើកកម្ពស់នៃទំនាក់ទំនងទាំងផ្នែកនយោបាយនិងវិស័យដទៃទៀត។

​សម្តេចតេជោប្រមុខរាជរដ្ឋាភិ បាលកម្ពុជា បានមានប្រសាសន៍លើកឡើងបែបនេះខណៈអញ្ជើញទទួលជួបសវនាការជាមួយ ឯកឧត្តម វឿង ឌីញហ្វេ (VUONG DINH HUE)ប្រធានរដ្ឋសភាវៀត ណាមនៅវិមានសន្តិភាពនាព្រឹកថ្ងៃអាទិត្យទី២០វិច្ឆិកានេះ។

​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា៖នៅក្នុងជំនួបនេះ ឯកឧត្តម វឿង បានគោរពសម្ដែង​នូវការរីករាយ​ចំពោះ​ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសក្នុងខួប៥០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលមានកម្មវិធីជាច្រើន​បានរៀបចំឡើងក៏ដូចជាការផ្លាស់ប្ដូរទស្សនកិច្ចទាំងថ្នាក់ដឹកនាំ ទាំងរវាងប្រជាជននិងយុវជន។ឯកឧត្តម ក៏បានគោរពសម្ដែងនូវការសាទរ ជូនចំពោះសម្ដេចតេជោផងដែរដែលបានគ្រប់គ្រងជំងឺកូវីដ១៩បានយ៉ាងជោគជ័យ បានបើកប្រទេសឡើងវិញ បើកសេដ្ឋកិច្ចឡើងវិញ និងបានសំដែងនូវការអបអរសាទរផងដែរ ចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជា ជាពិសេសការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន​និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទទួលបានជោគជ័យយ៉ាងធំធេង។

ឯកឧត្តមក៏បានសម្ដែងសេចក្តីរីករាយជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការ​លើវិស័យពាណិជ្ជកម្ម ដែលក្នុងនោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់១០ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ ហើយក៏បានឆ្លៀតឱកាសនេះស្នើសុំឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតរវាងប្រទេសទាំងពីរនិងឲ្យបានគ្រប់វិស័យ។

ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម វឿង ចំពោះការវាយតម្លៃនៃ​ទំនាក់ទំនងរវាង​ប្រទេសទាំងពីរផង​និងលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធផង។សម្ដេចតេជោបានឯកភាពជាមួយសំណើរបស់ឯកឧត្តមប្រធានសភាវៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀត។សម្ដេចបានមានប្រសាសន៍ថា៖ដៃគូសេដ្ឋកិច្ចល្អគឺនាំទៅដល់ការលើកកម្ពស់ទំនាក់ទំនងទាំងផ្នែកនយោបាយនិងវិស័យដទៃទៀត៕

Powered by Blogger.