រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ វត្តមានប្រធានាធិបតីអាម៉េរិកនៅកម្ពុជានាពេលខាងមុខជាការផ្តល់តម្លៃ និងលើកកម្ពស់នូវទំនាក់ទំនង និងកិច្ចសហប្របត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជា
នៅចំពោះឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា វត្តមានឯកឧត្តមប្រធានាធិបតីអាមេរិកក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនាពេលខាងមុខនេះ មិនត្រឹមតែជាការផ្តល់តម្លៃលើទំនាក់ទំនងរវាងកម្ពុជា និងអាស៊ាន រវាងសហរដ្ឋអាមេរិក និងអាស៊ានប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ជាការផ្តល់តម្លៃ និងជាការលើកកម្ពស់នូវទំនាក់ទំនង និងកិច្ចសហប្របត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជាផងដែរ។
ការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង នេះ ក្នុងជំនួបជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅកម្ពុជា នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។
សម្ដេចក្រឡាហោម ស ខេង សង្ឃឹមជឿជាក់ថា កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា និងសហរដ្ឋអាមេរិក នឹងបន្តរីកចម្រើនឥតឈប់ឈរ។
ពាក់ព័ន្ធបញ្ហានេះដែរ ក្នុងឱកាសអញ្ជើញចែកស្រូវពូជ និងស្បៀងអាហារ ជូនប្រជាពលរដ្ឋនៅខេត្តព្រៃវែង កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ចំពោះវត្តមានរបស់ឯកឧត្តម ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនេះ សម្ដេចបានទទួលព័ត៌មានយូរមកហើយ ប៉ុន្ដែសម្ដេចមិនទាន់អាចប្រកាសជាសាធារណៈនោះទេ ពោលត្រូវរង់ចាំការប្រកាសជូនដំណឹងជាផ្លូវការពីសេតវិមានអាម៉េរិកជាមុនសិន។
សម្ដេចតេជោនាយករដ្ឋមន្រ្ដីបន្ថែមថា បើតាមសេចក្ដីប្រកាសរបស់សេតវិមាន នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ចូ បៃដិន នឹងចាកចេញពីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសអេហ្ស៉ីប រួចចេញពីអេហ្ស៉ីប មកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ បន្ទាប់មកចាកចេញពីកម្ពុជា ទៅប្រទេសឥណ្ឌូណេស៊ី រួចហើយទើបត្រឡប់ ទៅសហរដ្ឋអាមេរិកវិញ៕
Post a Comment