បាតុកម្មប្រឆាំងវិធានការវីរុស COVID-19 កើនឡើងនៅទីក្រុងក្វាងចូវ ខណៈកំហឹងចំពោះការបិទខ្ទប់នៅចិនផ្ទុះឡើង
ការប៉ះទង្គិចគ្នាបានកើនឡើង បន្ទាប់ពីការតវ៉ានៅមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងសៀងហៃ រដ្ឋធានីប៉េកាំង និងទីក្រុងផ្សេងទៀតកាលពីចុងសប្តាហ៍ ជាការមិនស្តាប់បង្គាប់ស៊ីវិលដ៏ធំបំផុតជាបន្តបន្ទាប់របស់ប្រទេសចិនដីគោក ចាប់តាំងពីប្រធានាធិបតីលោក Xi Jinping ឡើងកាន់តំណែងរយៈពេលមួយទសវត្សរ៍កន្លងទៅនេះ។
នៅក្នុងវីដេអូមួយដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម Twitter នគរបាលបង្ក្រាបកុប្បកម្មច្រើននាក់ដែលពាក់អាវការពារជំងឺរាតត្បាតពណ៌ស បានកាន់ខែលដាក់នៅលើក្បាលរបស់ពួកគេ ខណៈវត្ថុជាច្រើនត្រូវបានគប់មកលើពួកគេ។ វីដេអូដាច់ដោយឡែកមួយបានបង្ហាញពីបាតុករគប់វត្ថុរឹងមកលើនគរបាល ខណៈពេលនោះមានធុងឧស្ម័នបង្ហូរទឹកភ្នែកបានធ្លាក់ នៅកណ្តាលហ្វូងមនុស្សមួយក្រុមនៅលើផ្លូវតូចចង្អៀតមួយ ដោយក្រោយមកមនុស្សជាច្រើនបានរត់គ្រប់ទិសដៅដើម្បីគេចចេញពីផ្សែង។ សារព័ត៌មាន Reuters បានផ្ទៀងផ្ទាត់ថា វីដេអូទាំងនោះត្រូវបានថតនៅក្នុងសង្កាត់ Haizhu ទីក្រុងក្វាងចូវ (Guangzhou) ប៉ុន្តែមិនអាចកំណត់ពីដំណើរបន្តគ្នាជាក់លាក់នៃព្រឹត្តិការណ៍នោះ និងអ្វីដែលបណ្តាលឱ្យមានការប៉ះទង្គិចគ្នានោះទេ។
ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមបាននិយាយថា ការប៉ះទង្គិចគ្នាបានកើតឡើងកាលពីយប់ថ្ងៃអង្គារ ហើយបណ្តាលមកពីជម្លោះជុំវិញវិធានការបិទខ្ទប់។ នៅទីក្រុង Zhengzhou ជាទីតាំងនៃរោងចក្រ Foxconn ដ៏ធំផលិត Apple iPhones ជាទីតាំងនៃភាពចលាចលរបស់បុគ្គលិករជុំវិញវីរុស COVID-19 ក្រុមមន្ត្រីបានប្រកាសពីការដំណើរការពាណិជ្ជកម្មឡើងវិញដោយរបៀបរៀបរយ រួមទាំងផ្សារទំនើប កន្លែងហាត់ប្រាណ និងភោជនីយដ្ឋាន។ ទោះជាយ៉ាងណា បន្ទាប់មកពួកគេក៏បានចេញផ្សាយបញ្ជីអគារដែលមានហានិភ័យខ្ពស់ នឹងនៅតែស្ថិតក្រោមវិធានការបិទខ្ទប់៕
Post a Comment