លោក Zelenskiy ប្តេជ្ញាបណ្តេញរុស្ស៊ីចេញពីទឹកដីអ៊ុយក្រែនទាំងអស់
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានមកដល់ទីក្រុង Kherson កាលពីថ្ងៃចន្ទ ដោយស្វាគមន៍នូវភាពរីករាយក្នុងទីក្រុងទើបរំដោះបាននាពេលថ្មីៗនេះ ខណៈប្រជាជនក្នុងតំបន់បានប្រមូលផ្តុំគ្នាលើកទង់ជាតិអ៊ុយក្រែន។
ទីក្រុង Kherson គឺជារបស់អ៊ុយក្រែនជារៀងរហូត វាជាទឹកដីរបស់អ៊ុយក្រែនគ្រប់ពេលវេលា។ ការរំដោះបានមកវិញទីក្រុង Kherson គឺជាជ័យជម្នះដ៏ធំបំផុតដែលកងទ័ពអ៊ុយក្រែនបានទទួលរហូតមកដល់ពេលនេះ ហើយលោក Zelenskiy បានប្តេជ្ញាបណ្តេញរុស្ស៊ីចេញពីទឹកដីដែលត្រូវបានចូលមកកាន់កាប់ទាំងអស់។ យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់សន្តិភាព ហើយយើងគោរពច្បាប់ និងគោរពអធិបតេយ្យភាពរបស់ប្រទេសទាំងអស់ ប៉ុន្តែបច្ចុប្បន្ននេះយើងកំពុងនិយាយអំពីប្រទេសរបស់យើង ដែលយើងកំពុងប្រយុទ្ធប្រឆាំងការឈ្លានពានរបស់រុស្ស៊ី។ អមដោយអង្គរក្សប្រដាប់អាវុធ លោក Zelenskiy បាននិយាយទៅកាន់ក្រុមទាហានថា ពួកគេបានបង្ហាញថា វាមិនអាចទៅរួចទេក្នុងការធ្វើឲ្យអ៊ុយក្រែនស្លាប់ មុនពេលមានការគោរពយ៉ាងស្ងៀមស្ងាត់ដល់កងទ័ពដែលបានស្លាប់ ក្នុងអំឡុងពេលប្រយុទ្ធ។
ទាហានរុស្ស៊ីបានបន្សល់ទុកក្នុងទីក្រុងមួយនេះនូវគំនរបាក់បែកអគារ និងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានបំផ្លាញ ហើយផ្លូវនានាពេញដោយគ្រាប់មីន។ យោងតាមមន្ត្រីអ៊ុយក្រែនក្នុងតំបន់កាន់កាប់ដោយប្រទេសរុស្ស៊ីនិយាយថា ស្ពានតែមួយគត់ដែលតភ្ជាប់ទីក្រុង Kherson ទៅកាន់ទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ីត្រូវបានបំផ្លាញ។ លោក Zelenskiy និយាយថា មុននេះអ៊ុយក្រែនបានប្រមូលភស្តុតាងនៃឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងហោចណាស់ ៤០០ករណីដែលត្រូវបានប្រព្រឹត្តដោយទាហានរុស្ស៊ី ក្នុងអំឡុងពេលចូលកាន់កាប់តំបន់របស់ពួកគេ រួមទាំងការសម្លាប់ និងការចាប់ពង្រត់៕
Post a Comment