សម្តេចពិជ័យសេនា ទៀ បាញ់ ផ្តល់អនុសាសន៍៥ចំណុច ដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាពកីឡាករចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានផ្តល់នូវអនុសាសន៍ចំនួន៥ចំណុច សម្រាប់ជាមូលដ្ឋានដល់ក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិ CAMSOC សហព័ន្ធកីឡាជាតិ និងសមត្ថកិច្ចរាជធានី-ខេត្ត ដើម្បីពង្រឹង ហ្វឹកហ្វឺនកីឡាករ កីឡាការិនី សម្រាប់ត្រៀមខ្លួនក្នុងការប្រកួតកីឡាស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
ការផ្តល់អនុសាសន៍បែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ន្រគល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៣,៤៥៨,២០០,០០០រៀល របស់រាជរដ្ឋាភិបាលជូនដល់ម្ចាស់ជ័យលាភីមេដាយ និងគ្រូបង្វឹក គ្រូជំនួយពីការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ កាលពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា នៅប្រទេសវៀតណាម។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអ្នកពាក់ព័ន្ធមួយចំនួនទៀត នៅទីស្តីការក្រសួងការពារជាតិ។
អនុសាសន៍ទាំង៥ចំណុចរបស់សម្តេចពិជ័យសេនា ទៀ បាញ់ រួមមាន៖
ទី១៖ ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ បន្តពង្រីកកិច្ចសហការល្អ ហ្វឹកហ្វឺនក្រុមកីឡាជម្រើសជាតិក្នុង និងក្រៅប្រទេស ដើម្បីបង្កើនគុណផលចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដណ្តើមមេដាយឱ្យបានច្រើន ពិសេសមន្ត្រីបច្ចេកទេសរៀបចំ និងកាត់សេចក្តីការប្រកួត។ ជាមួយគ្នានេះក្រសួងបន្តផ្តល់ថវិកាគាំទ្រដល់សហព័ន្ធកីឡាជាតិ ដើម្បីពន្លឿនការអភិវឌ្ឍន៍ ពិសេសឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។
ទី២៖ សហព័ន្ធកីឡាជាតិ ត្រូវប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអបរំ យុវជន និងកីឡាឱ្យបានត្រឹមត្រូវ តម្លាភាព និងមានប្រសិទ្ធភាព ព្រមទាំងកៀរគរថវិកាដៃគូឯកជនបំពេញបន្ថែមការខ្វះខាត ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ប្រភេទកីឡារបស់ខ្លួនឱ្យកាន់តែរីកចម្រើន និងមាននិរន្តភាព។
ទី៣៖ គណៈកម្មការជំនាញទាំង១៤ នៃគណៈកម្មាធិការជាតិ CAMSOC ត្រូវសហការគ្នាឱ្យបានល្អខិតខំពន្លឿនការងាររបស់ខ្លួនតាមតួនាទីភារកិច្ច ជម្រុញល្បឿននៃការត្រៀមខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយជាស្រេចទៅតាមក្របខ័ណ្ឌពេលវេលាកំណត់ ដើម្បីធានាបានជោគជ័យខ្ពស់ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាកម្រិតអន្តរជាតិដ៏ធំជាប្រវត្តិសាស្ត្រនេះ។ បន្តពង្រឹងការប្រកួតជើងឯកជាតិ និងការប្រកួតកីឡាជាតិឱ្យកាន់តែមានគុណភាព ឈានទៅរកស្ដង់ដារតំបន់ ដើម្បីយកការប្រកួតកីឡាអន្តរជាតិមករៀបចំនៅកម្ពុជា។
ទី៤៖ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី ខេត្ត ត្រូវពង្រឹងកិច្ចសហការឱ្យបានជិតស្និទ្ធប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងស្របតាមអភិក្រម «ជវភាព នៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមនានាជាបន្ទាន់ សំដៅធានាបានប្រសិទ្ធភាពក្នុងការដឹកនាំ គ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំនៅឆ្នាំ២០២៣។និងទី៥៖ នៅក្នុងឱកាសនេះ សូមអំពាវនាវដល់វិស័យឯកជន ក្រុមហ៊ុន សហគ្រាស និងសប្បុរសជនទាំងអស់ សូមចូលរួមដល់មូលនិធីកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដើម្បីរួមចំណែកដល់ភាពជោគជ័យ នៃការរៀបចំប្រកួតកីឡាកម្រិតអន្តរជាតិនេះ។
និងសូមអំពាវនាវដល់អាជ្ញាធររាជធានី-ខេត្ត និងប្រជាជនទាំងអស់ សូមប្រកាន់ខ្ជាប់នូវស្មារតី «ប្រជាជនម្នាក់ជាម្ចាស់ផ្ទះម្នាក់» ពិសេសប្រជាជននៅតាមរាជធានី-ខេត្ត ដែលត្រូវត្រៀមទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ - សូមរៀបចំអនាម័យ ថែរក្សាបរិស្ថានឱ្យបានល្អ និងរៀបចំតុបតែងលម្អ ដើម្បីលើកកម្ពស់សោភ័ណភាពមូលដ្ឋានរបស់ខ្លួន សំដៅលើកមុខមាត់កម្ពុជា និងទាក់ទាញការចាប់អារម្មណ៍របស់ប្រតិភូកីឡា និងភ្ញៀវអន្តរជាតិទាំងអស់ ដែលនឹងអញ្ជើញមកចូលរួមការប្រកួតនៅកម្ពុជា នៅឆ្នាំ២០២៣ ខាងមុខនេះ៕
Post a Comment