ឯកឧត្តម ស សុខា អញ្ជើញបើកការប្រកួតពានរង្វាន់កីឡាបាល់ទាត់”មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” លើកទី៨ ឆ្នាំ២០២២
ឯកឧត្តម ស សុខា ប្រធានកិត្តិយសគណៈកម្មាធិការកីឡាបាល់ទាត់រង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីពិធីបើកការប្រកួតពានរង្វាន់កីឡាបាល់ទាត់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” លើកទី៨ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលកីឡា The Blue Sport សែនសុខ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយ ចិត្ត មិនគិតពេលវេលាក្នុងការដឹកនាំរបស់ឯកឧត្តម សុខ សប្បាយណា ប្រធានគណៈកម្មាធិការកីឡាបាល់ទាត់ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន និងក្រុមការងារគ្រប់ផ្នែកទាំងអស់ ដែលបានរួមគ្នាបំពេញភារកិច្ចដោយការទទួលខុសត្រូវ និងសស្រាក់សស្រាំ នាំឱ្យការរៀបចំពានរង្វាន់នេះ មានការវិវឌ្ឍរីកចម្រើន ចាប់តាំងពីលើកទី១ ឆ្នាំ២០១៣ រហូតមកដល់លើកទី៨ ឆ្នាំ២០២២ នេះ។
ឯកឧត្តម ស សុខា បានបន្តថា រយៈពេល ៦២ឆ្នាំហើយ ដែលប្រទេសកម្ពុជាយើង មិនបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតកីឡាស៊ីហ្គេម រហូតដល់ពេលនេះ ទើបប្រទេសកម្ពុជាយើងបានធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ។ ទាំងនេះគឺកើតចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិត និងគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបាននាំឱ្យព្រះរាជាណាចក្រកម្ពុជា មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការលើកកម្ពស់ជីវភាពរស់នៅ សុខដុមនីយកម្មសង្គម ។ល។
ឯកឧត្តម ស សុខា បានបន្តទៀតថា ក្នុងនោះយុវជនយើងគ្រប់រូបផ្ទាល់តែម្តង ទទួលបានឱកាសយ៉ាងធំធេងសម្រាប់ខ្លួនឯង តាមរយៈការទទួលបានការអប់រំ នៅគ្រប់កម្រិត ការអភិវឌ្ឍសមត្ថភាព ជំនាញ និងចំណេះដឹង ទទួលបានការងារដោយសមរម្យ និងមានឱកាសចូលរួមប្រឡូកក្នុងសកម្មភាពសង្គម សេដ្ឋកិច្ច នយោបាយ វប្បធម៌ សិល្បៈ និងកីឡា។ ជាក់ស្តែងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” របស់យើងនេះ បានបង្ហាញយ៉ាងច្បាស់ពីឱកាសដែលយើងទាំងអស់គ្នាអាចជួបជុំគ្នាលេងកីឡា មិនត្រឹមតែសម្រាប់ការសប្បាយរីករាយ និងដើម្បីសុខភាព មិត្តភាពប៉ុណ្ណោះទេ តែវាក៏ជាការរួមចំណែករបស់យើងជាយុវជនក្នុងការគាំទ្រ និងលើកកំពស់វិស័យកីឡានៅកម្ពុជាផងដែរ ។ ក្នុងន័យនេះឯកឧត្តម ស សុខា គូសបញ្ជាក់ថា កន្លងមកក៏ដូចជាក្នុងពេលបច្ចុប្បន្ន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តួចផ្តើមគំនិត និងបង្កើតព្រឹត្តិការណ៍ កម្មវិធី សកម្មភាពសំដៅបំផុស និងចលនាយុវជនចូលរួមក្នុងសកម្មភាពផ្នែកសង្គម មនុស្សធម៌ វប្បធម៌ សិល្បៈ និងកីឡា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សា និងការពារសុខសន្តិភាព អភិវឌ្ឍសេដ្ឋកិច្ចសង្គម ថែរក្សា និងអភិរក្សកេរដំណែលប្រពៃណីវប្បធម៌ល្អផូរផង់របស់ខ្មែរ និងលើកកម្ពស់កិត្យានុភាពជាតិនៅឆាកអន្តរជាតិ ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ស សុខា ក៏បានផ្តាំផ្ញើដល់គណៈកម្មការរៀបចំការប្រកួត កីឡាករ អាជ្ញាកណ្តាលទាំងអស់ ឲ្យយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវទៅតាមវិធាន បទបញ្ជានៃការប្រកួត និងបទដ្ឋានបច្ចេកទេសកំណត់ដោយគណៈកម្មាធិការ សំដៅធានាឲ្យដំណើរការប្រកួតនេះ ប្រកបដោយភាពយុត្តិធម៌ តម្លាភាព និងស្របតាមគោលការណ៍ Fair Play និងស្មារតីនៃការប្រកួតគឺ “បង្កើនសាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជន នៅតាមបណ្តាក្រសួង ស្ថាប័នរដ្ឋ ជាពិសេសដើម្បីបំផុសស្មារតីស្រលាញ់ ចូលចិត្ត និងលេងកីទ្បាដើម្បីសុខភាព”៕
Post a Comment