ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជាគណៈអធិបតីក្នុងពិធី សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការថ្មី ស.ស.យ.ក. ខេត្តរតនគិរី និងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការស.ស.យ.ក. ខេត្តរតនគិរី
ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជាគណៈអធិបតីក្នុងពិធី សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការថ្មី ស.ស.យ.ក. ខេត្តរតនគិរី និងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការស.ស.យ.ក. ខេត្តរតនគិរី នៅបរិវេណខាងមុខ នៃទីតាំងអគារស្នាក់ការថ្មី ស.ស.យ.ក. ស្ថិតក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ល្រុងបានលុង ខេត្តរតនគិរី។
ក្នុងឱកាសនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងកោតសរសើរ និងអបអរសាទរចំពោះ សមិទ្ធផលនានាដែលស.ស.យ.ក. ខេត្តរតនគិរីបានសម្រេចបាន ជាពិសេស នោះគឺ អគារទីស្នាក់ការរបស់ ស.ស.យ.ក. ខេត្តរតនគិរី រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា ខេត្តរតនគិរីដែលតែចូលរួមក្នុងកិច្ចការងារសង្គមផងដែរ។
ឯកឧត្តម ហ៊ុន ម៉ានី បានរំលេចបន្ថែមថា ទីស្នាក់ការថ្មីៗរបស់ស.ស.យ.ក. តាមបណ្តារាជធានីខេត្ត បានបង្ហាញពីវិសាលភាព កម្លាំង និងសក្តានុពលការងាររបស់មហាក្រុមគ្រួសារយុវជនទូទាំងប្រទេស ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការសង្គម មនុស្សធម៌ និងបុព្វហេតុជាតិ មាតុភូមិគ្រប់កាលៈទេសៈទាំងអស់ គ្រប់ទីកន្លែង។ ឯកឧត្តមបានបន្ថែមថា នេះគឺជាមោទកភាពដ៏ធំបំផុតរបស់ឯកឧត្តម ជាមួយស.ស.យ.ក. ជាពិសេស ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ គឺការរីកលូតលាស់ នៃមហាក្រុមគ្រួសារ ស.ស.យ.ក. ទូទាំងប្រទេស ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ង៉ែត ពិទូ អនុប្រធានស.ស.យ.ក.ខេត្តរតនគិរី បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈអធិបតី រួមទាំងសមាជិក សមាជិកាដែលបានអញ្ជើញចូលរួម និងបានធ្វើការរាយការណ៍បង្ហាញពីសកម្មភាព សមិទ្ធផល ដែលសម្រេចបានកន្លងមក ជាមួយនឹងដំណើរវិវត្តនៃការសាងសង់អគារថ្មី នៃ ស.ស.យ.ក. ខេត្តរតនគិរី រួមជាមួយវឌ្ឍនភាពការងារ ដែលស.ស.យ.ក. រតនគិរីតែងតែចូលរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពយុវជន ការចូលរួមសកម្មភាពសង្គមនានា រួមទាំងចូលរួមលើកកម្ពស់សុខដុមនីយកម្មសង្គម ដោយចូលរួមយ៉ាងក្លៀបក្លាក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩។
កម្មវិធីនេះក៏ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត នៃគណៈអភិបាលខេត្តរតនគិរី ឯកឧត្តម ថង សាវុន សមាជិកអចិន្តៃ្រយ៍នៃគណៈកម្មាធិការកណ្តាល ជាមួយនឹងការអញ្ជើញចូលរួមពីសំណាក់ មន្រ្តីរាជការ សមាជិក សមាជិកា ស.ស.យ.ក. ខេត្តប្រមាណ ៤០០ នាក់។
Post a Comment