កីឡាករប្រដាល់ ធឿន ធារ៉ា ផ្តួលកីឡាករថៃត្រឹមទឹកទី១ ដណ្តើមខ្សែក្រវាត់ និងពានរបស់ព្រះមហាក្សត្រថៃ
ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កីឡាករប្រដាល់របស់ខ្មែរ ដោយកីឡាករប្រដាល់ ធឿន ធារ៉ា បានវាយផ្តួលកីឡាករថៃត្រឹមទឹកទី១ ហើយឈានទៅយកខ្សែក្រវាត់ និងពានរបស់ព្រះមហាក្សត្រថៃ។
ព្រឹត្តិការណ៍ប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ និងពានរង្វាន់របស់ព្រះមហាក្សត្រថៃឆ្នាំ២០២២ «THAI FIGHT 100 Years Nakhon Ban» បានធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងប្រទេសថៃ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ កីឡាករ ធឿន ធារ៉ា បានវាយយ៉ាងសន្ធាប់ទៅលើកីឡាករ សៃយុគ ភុមផាន់មួង របស់ថៃ។ ធឿន ធារ៉ា បានបុកមួយកែងធ្វើឱ្យកីឡាករថៃបែកចិញ្ចើមធ្ងន់ធ្ងរ ដោយគ្រូពេទ្យមិនអនុញ្ញាតឱ្យប្រកួតបន្តនោះឡើយ។
អាជ្ញាកណ្តាលក៏បានប្រកាសប្រគល់ជ័យជម្នះទៅឱ្យកីឡាកររបស់ខ្មែរ លោក ធឿន ធារ៉ា។ បន្ទាប់ពីឈ្នះ កំពូលកីឡាករថៃ សៃយុគ ភុមផាន់មួង ត្រឹមទឹក១ ធឿន ធារ៉ា ទទួលបានប្រាក់រង្វាន់លុយសុទ្ធប្រមាណ ១លានបាត ប្រហាក់ប្រហែលនឹង ១២០លានរៀល រួមជាពានមួយ និងខ្សែក្រវាត់មួយ បូកផ្សំជាមួយប្រាក់លើកទឹកចិត្តជាច្រើនទៀត។
សូមបញ្ជាក់ថា កីឡាករ ធឿន ធារ៉ា គឺជាកូនចៅអ្នកស្រុកពាមរក៍ ខេត្តព្រៃវែង។ ធារ៉ា ជាកូនសិស្សលោក អេ ភូថង៕
Post a Comment