ពលរដ្ឋជិត១០០នាក់នាំតវ៉ានៅមុខសាលាខេត្ត ស្នើសុំកុំឱ្យដកព្រះគ្រូចៅអធិការវត្តចារថ្មីចេញពីវត្ត
ប្រជាពលរដ្ឋជិត១០០នាក់ បាននាំគ្នាមកធ្វើការតវ៉ា និងគាំទ្រព្រះសង្ឃព្រះគ្រូចៅអធិការវត្តចារថ្មី មិនអោយដកចេញពីវត្តនោះទេ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចមុខសាលាខេត្តបន្ទាយមានជ័យ។
បើតាមប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា ហេតុផលដែលពួកគាត់ រួមទាំងព្រះសង្ឃ មកធ្វើការតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យនេះ គឺសុំអោយអភិបាលខេត្ត ឯកឧត្តម អ៊ុ រាត្រី ជួយអន្តរាគមន៍មិនអោយដក ឬរំសាយព្រះគ្រូចៅអធិការវត្តចារថ្មី នៅឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ចេញនោះទេ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា មូលហេតុ គឺបណ្តាលមកពីគណៈកម្មការ និងអាចារ្យវត្តចារថ្មី បានយកលុយអង្គកឋិនសាមគ្គី និងដង្ហែផ្កាប្រាក់ ដែលមានប្រាក់បាតចំនួន១៣ម៉ឺនបាត និងប្រាក់រៀល២៣លានរៀល ដោយមិនឃើញយកមកប្រគល់ជូនព្រះគ្រូចៅអធិការវត្ត ដើម្បីកសាងវត្ត ទើបម្ចាស់អង្គកឋិនទានបានទារលុយនោះយកមកប្រគល់ជូនចៅអធិការវត្ត ដើម្បីកសាងវត្ត ធ្វើឱ្យគណៈកម្មការ និងអាចារ្យវត្ត ខឹងក៏បានសុំទៅមន្ត្រីសង្ឃ និងអាជ្ញាធរស្រុក-ឃុំដើម្បីដកព្រះគ្រូចៅអធិការវត្តចារថ្មីទាំងអយុត្តិធម៌ ដូចពាក្យចាស់ពោលថា ខឹងគោវ៉ៃរទេះ។
លោក បៀល ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ បានប្រាប់ថា មន្ត្រីសង្ឃ និងអាជ្ញាធរស្រុក-ឃុំបានប្រជុំសម្រេចរំសាយព្រះគ្រូចៅអធិការវត្តចារថ្មី និងគណៈកម្មការអាចារ្យវត្ត ក្រោយពីមានអធិកររឿងលុយកឋិនទាន។
លោកបានបញ្ជាក់ថា ក្រោយពីវត្តមានអធិករក្នុងវត្ត ដែលប៉ះពាល់ដល់សាសនា ដែលជាសាសនារដ្ឋ ទើបមន្ទីរធម្មការ និងសាសនាខេត្ត និងស្រុកមង្គលបូរី ឃុំគោកបល្ល័ង្គ បានប្រជុំសម្រេចរំសាយទាំងចៅអធិការវត្ត និងគណៈកម្មការអាចារ្យវត្ត ដើម្បីរៀបចំព្រះគ្រូចៅអធិការនិងគណៈកម្មការអាចារ្យថ្មី មកបម្រើលើវិស័យសាសនា៕
Post a Comment