សម្តេចតេជោ ឆ្លៀតជួបអបអរសាទរកុមារា ទៀង គឹមហុង បេក្ខជនបាក់ឌុបក្មេងជាងគេ និងប្រកាសជួយឱ្យសិក្សាចប់ថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតជួបអបអរសាទរកុមារា ទៀង គឹមហុង បេក្ខជនបាក់ឌុបក្មេងជាងគេ ជាមួយការប្រកាសជួយឱ្យកុមារារូបនេះសិក្សាចប់បណ្ឌិតផ្នែកវិទ្យាសាស្ត្រ។
សម្តេចតេជោ បានបញ្ជាក់លើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះ «ល្ងាចនេះឆ្លៀតជួបចៅ ទៀង គឹមហុង ដែលប្រឡងជាប់បាក់ឌុបនិទេ្ទសC ក្នុងវ័យ១៣ឆ្នាំ៣ខែ ៥ឆ្នាំ ដើម្បីពិភាក្សាជាមួយឪពុកម្តាយ និងចៅ សម្រាប់ការសិក្សានៅមហាវិទ្យាល័យ»។
សម្តេចតេជោ បានបន្ថែមថា «ខ្ញុំបានសម្រេចបំណងទីមួយរបស់ខ្ញុំ គឺបានធ្វើឱ្យ គឹមហុង ជាប់បាក់ឌុប ដែលក្មេងជាងគេនៅកម្ពុជា។ បំណងបន្តរបស់ខ្ញុំ គឺជួយ គឹមហុង ឱ្យជាប់បរិញ្ញាបត្រ និងបញ្ញាបត្រជាន់ខ្ពស់ ដែលក្មេងជាងគេ និងមានសមត្ថភាពល្អនាពេលខាងមុខ។ បំណងចុងក្រោយរបស់ខ្ញុំ គឺបណ្តុះបណ្តាល គឹមហុង ឱ្យជាប់ថ្នាក់បណ្ឌិតខាងវិទ្យាសាស្រ្ត ដែលមានគុណភាពខ្ពស់ឱ្យខាងតែបាន ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងគ្រួសារ»។
សូមរំលឹកថា កុមារា ទៀង គឹមហុង ត្រូវបានគេចាត់ទុកជាកុមារអច្ឆរិយៈមួយរូប ដោយសារតែរូបគេមានសមត្ថភាពយល់ដឹងផ្នែកគណិតវិទ្យា និងអក្សរខ្មែរតាំងពីអាយុ២ឆ្នាំកន្លះ។
លុះឆ្នាំ២០០៧ ពេលមានអាយុ ៨ឆ្នាំ កុមារារូបនេះ ក៏មានឱកាសបានជួបសម្តេចតេជោ ហ៊ុន សែន ហើយសម្តេច ក៏បានរៀបចំឱ្យរូបគេបានចូលរៀនកម្រិតវិទ្យាល័យនៅសាលាប៊ែលធីអន្តរជាតិ។
សម្តេចតេជោ ក៏បានគាំទ្ររាល់ការចំណាយផ្សេងៗសម្រាប់ការសិក្សា និងការរស់នៅរបស់គេផងដែរ៕
Post a Comment