ស្ត្រីម្នាក់វ័យ ៥៦ហើយ នៅតែតស៊ូមកប្រឡងដើម្បីសម្រេចក្ដីសុបិនធំ១
មានការលេចចេញនូវបេក្ខភាពប្រឡងបាក់ឌុបម្នាក់ មានវ័យដល់ទៅ ៥៦ឆ្នាំហើយ នៅតែតស៊ូមកប្រឡង ព្រោះតែក្នុងចិត្តមានបំណងប្រាថ្នាដ៏ធំមួយ។ នេះបើតាមបុរសម្នាក់ជាម្ចាស់មគណនីហ្វេសប៊ុកមានឈ្មោះLav Tola Serey Sophorn។
ម្ចាស់គណនីដែលបានអះអាងខ្លួន គឺជាអ្នកអង្កេតការការប្រឡងបាក់ឌុបឆ្នាំនេះ មណ្ឌលសកលវិទ្យាល័យជាតិមានជ័យ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបញ្ចេញឲ្យដឹងខ្លះៗថា បេក្ខជនប្រឡងដែលជាស្ត្រីចំណាស់នោះ បច្ចុប្បន្ន គឺមានអាយុ៥៦ ឆ្នាំទៅហើយ ហើយស្ថានភាពនេះបានធ្វើឲ្យរូបគេមានការភ្ញាក់ផ្អើលចំពោះការតាំងចិត្តរបស់អ៊ុំស្រី។
"អ្នកម្ដាយអើយ ម៉ែចាស់ហើយ ម៉ែគេម៉ែយើង អ្នកម្ដាយតស៊ូណាស់ ដើម្បីបំពេញក្ដីស្រម៉ៃ ដើម្បីយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ២០២២"។ តាមការជជីកសួរខ្លះ ម្ចាស់គណនីដដែល បានឲ្យដឹងថា ស្ត្រីវ័យ ៥៦ឆ្នាំ មកប្រឡងព្រោះតែក្នុងចិត្តមានបំណងប្រាថ្នាមួយ គឺចង់ក្លាយជាគ្រូបង្រៀន។ ប្រភពថ្លែងថា ៖ "ខ្ញុំបានលួចសួរគាត់ថា អ្នកម្ដាយយកសញ្ញាបត្រធ្វើអីម្ដាយចាស់ហើយ គាត់ថាចង់ធ្វើគ្រូបង្រៀនបានលុយមកចិញ្ចឹមកូន ហើយគាត់ថាម៉ែគ្មានកំលាំងឯណាទៅធ្វើការធ្ងន់បានទេ ម្ដាយគ្មានកំលាំង ម្ដាយដើរក៏មិនចង់រួច ឈឺដៃឈឺជើង កូននៅផ្ទះគ្មានអីហូប"។
ស្ត្រីវ័យចំណាស់ មានប្រភព មកពីវត្តថ្មរមៀល មកម្នាក់ឯងទេ ហើយបច្ចុប្បន្ន មានភារកិច្ចចិញ្ចឹមកូន៤នាក់។ រឹតតែស្រណោះ តាមការឲ្យដឹងរបស់អ្នកអង្កេតការដដែល ស្ត្រីចំណាស់ ហាក់មិនមានការចងចាំល្អនោះទេ។ "បងប្អូនដឹងទេ ជីវិតនៃការតស៊ូគឺធំធេងណាស់ ។ ហើយម្ដាយមកមានស្ពាយទឹកមួយដប បាយមួយប្រអប់ដាក់កាបូបមក គាត់ចាស់ហើយ ការចងចាំក៏មិនសូវជាល្អដូចក្មេងយើងដែរ ខ្ញុំអាណិតណាស់"៕
Post a Comment