តោះមកស្តាប់ និងស្គាល់ ភ្លេងជាតិកម្ពុជា គ្រប់សម័យកាលតាំងពីបានឯករាជ្យពីបារាំងមក
ភ្លេងជាតិកម្ពុជាយើងមានដំបូងអំឡុងទសវត្សឆ្នាំ១៩៤០ ហើយប្រើប្រាស់ជាផ្លូវការនៅឆ្នាំ១៩៤៧ តំណាលគ្នាជាមួយទង់ជាតិបច្ចុប្បន្ន។ យ៉ាងណាមិញ ភ្លេងជាតិស្រុកយើងត្រូវបានផ្លាស់ប្ដូរ តាមរយៈការផ្លាស់ប្ដូរពីរបបមួយ ទៅរបបមួយទៀត។
១. បទនគររាជ៖ បទនេះត្រូវបាននិពន្ធដោយសម្ដេចព្រះសង្ឃរាជ ជួន ណាត ខណៈបទភ្លេងវិញត្រូវបានតាក់តែងឡើងដោយជនជាតិបារាំង។ បទនេះប្រើជាផ្លូវការដំបូងនៅទសវត្ស១៩៤០ រហូតដល់ឆ្នាំ១៩៧០។ ភ្លេងជាតិនេះត្រូវបានប្រើប្រាស់ជាផ្លូវការឡើងវិញ ក្រោយពីមានរបបព្រះរាជាណាចក្រនៅឆ្នាំ១៩៩៣។
២. ភ្លេងជាតិសាធារណរដ្ឋខ្មែរ៖ បទនេះត្រូវបានប្រើប្រាស់រយៈពេលជិត ៥ឆ្នាំ អំឡុងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។
៣. ដប់ប្រាំពីរមេសាមហាជោគជ័យ៖ ភ្លេងជាតិនេះត្រូវបានប្រើប្រាស់ជាផ្លូវការអំឡុងសម័យកម្ពុជាប្រជាធិបតេយ្យ ដែលជាសម័យដ៏ខ្មៅងងឹតមួយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។
៤. ភ្លេងជាតិសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា៖ បទនេះដែរត្រូវបានប្រើប្រាស់នៅរដ្ឋធានីភ្នំពេញអំឡុងទសវត្ស ១៩៨០។ ក្រោយពីកំណែទម្រង់ស៊ីជម្រៅនៅឆ្នាំ១៩៨៩ ដែលផ្លាស់មកពីរបបសង្គមនិយម មករបបរដ្ឋកម្ពុជា សាច់ភ្លេងនៅតែបន្តប្រើដដែល ដោយគ្រាន់តែដូរខ្លឹមសារនៃបទចម្រៀងប៉ុណ្ណោះ។
៥. ភ្លេង ២៣ តុលា ឬ ភ្លេងអ៊ុនតាក់៖ បទនេះមានតែភ្លេងទេ ដោយមិនមានខ្លឹមសារចម្រៀងឡើយ។ មានប្រភពមួយចំនួនបានលើកឡើងថា សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ជាអ្នកតាក់តែងភ្លេងនេះ។ ភ្លេងនេះត្រូវបានប្រើប្រាស់អំឡុងពេលមាតុភូមិនិវត្តន៍របស់សម្ដេចព្រះនរោត្តម សីហនុ នៅឆ្នាំ១៩៩១៕
Post a Comment