សម្ដេចក្រឡាហោម ស ខេង៖ ច្បាប់ចរាចរណ៍ថ្មី កំណត់ថា អ្នកបើកបរដែលរកឃើញសារធាតុញៀន នឹងត្រូវដកហូតប័ណ្ណបើកបរ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានបង្ហើបថា ក្នុងច្បាប់ចរាចរណ៍ថ្មី ដែលកំពុងតែប្រជុំឆ្លងសេចក្ដីព្រាងនេះ នឹងមានចំណុចមួយដែលចែងថា អ្នកបើកបរទាំងឡាយណា ដែលត្រូវបានរកឃើញមានសារធាតុញៀន នឹងត្រូវដកហូតប័ណ្ណបើកបរតែម្ដង។
ក្នុងបទសម្ភាសខ្លីមួយ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោយបញ្ចប់កិច្ចប្រជុំឆ្លងសេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក (ថ្មី) នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ការដកហូតប័ណ្ណបើកបរនេះ មិនមែនដករហូតនោះទេ ពោលនៅពេលអ្នកបើកបរត្រូវបានតេស្ដរកឃើញ អវិជ្ជមានសារធាតុញៀន នោះនឹងប្រគល់សិទ្ធិឲ្យបើកបរវិញ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «នៅក្នុងច្បាប់ (ច្បាប់ចរាចរណ៍ថ្មី) យើងអត់និយាយជាក់លាក់ទេ ពាក់ព័ន្ធទោសបញ្ញត្តិ ប៉ុន្ដែមានឧទារហណ៍ថា កាលណាបើកបររកឃើញសារធាតុញៀន យើងដកប័ណ្ណបើកបរគាត់។ ហើយរហូតដល់ពេលធ្វើតេស្ដលើកក្រោយទៅ គាត់អត់មានសារធាតុញៀន បានអនុញ្ញាតឲ្យបើកបរឡើងវិញ»។
បើតាមអ្វីដែលជាការគូសបញ្ជាក់របស់សម្ដេចក្រឡាហោម ស ខេង, ក្នុងច្បាប់ចរាចរណ៍ថ្មី ដែលកែប្រែខុសពីច្បាប់ចាស់ រហូតដល់ជាង៦០ភាគរយនោះ គ្រប់ភាគីពាក់ព័ន្ធបានឯកភាពគ្នាកំណត់ថា អ្នកបើកយានយន្ដទាំងអស់ មិនត្រូវស្ថិតក្រោមស្ថានភាពស្រវឹង ក្នុងនោះមានទាំងគ្រឿងញៀន មានទាំងជាតិស្រវឹងផ្សេងទៀត ហើយអ្នកបើកបរយានយន្ដ តម្រូវឲ្យធ្វើតេស្ដគ្រឿងញៀនមុនផ្ដល់ប័ណ្ណបើកបរ។
សម្ដេចក្រឡាហោម ស ខេង បានបន្ថែមទៀតថា លក្ខខណ្ឌ នៃការធ្វើតេស្ដគ្រឿងញៀន សម្រាប់អ្នកបើកបរយានយន្ដ ជាកាតព្វកិច្ចនោះ នឹងកំណត់ដោយប្រកាសអន្ដរក្រសួង របស់ក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានការជជែកពិភាក្សាជាមួយអាជ្ញាធរគ្រឿងញៀន។ ចំណុចនេះសម្ដេចបានពន្យល់ថា នៅពេលច្បាប់ថ្មីចូលជាធរមាន មិនមែនមានន័យថា អ្នកបើកបរគ្រប់រូប តម្រូវឲ្យធ្វើតេស្ដរកសារធាតុញៀននោះទេ ពោលដំបូងអាចចាប់ផ្ដើមពីអ្នកបើកបររថយន្ដដឹកទំនិញធុនធំ ឬអ្នកបើកបររថយន្ដដឹកអ្នកដំណើរ។
ដោយឡែក សម្រាប់អ្នកបើកបរទូទៅ ដែលតម្រូវឲ្យធ្វើតេស្ដរកសារធាតុញៀននោះ គឺត្រូវធ្វើជាបន្ដបន្ទាប់ ទៅតាមស្ថានភាពជាក់ស្ដែង។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចក្រឡាហោម ស ខេង។
គួរជម្រាបថា សេចក្ដីព្រាងច្បាប់ចរាចរណ៍ថ្មីនេះ បានតាក់តែងឡើងដោយកែសម្រួលខ្លឹមសារមាត្រាច្បាប់ចាស់ ចំនួន៤៨មាត្រា និងបន្ថែមមាត្រាថ្មីៗមួយចំនួនទៀត ដើម្បីឲ្យស្របតាមការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើការអភិវឌ្ឍ ផ្លូវថ្នល់ រួមដូចជា ការពង្រីកផ្លូវ ការកសាងផ្លូវល្បឿនលឿន និងចង់បង្កើនប្រសិទ្ធភាព កាត់បន្ថយអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងទប់ស្កាត់ការបើកបរមានសារធាតុញៀន៕
Post a Comment