នាយករដ្ឋមន្ត្រីកម្ពុជាគាំទ្រចំពោះគម្រោងកែច្នៃសំរាមទៅជាថាមពលរបស់ក្រុមហ៊ុនកូរ៉េនៅកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានប្រកាសគាំទ្រចំពោះគម្រោងកែច្នៃសំរាមទៅជាថាមពលរបស់ក្រុមហ៊ុនអេកូខាមរបស់កូរ៉េនៅប្រទេសកម្ពុជា។
បើតាមការឲ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្រេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្រោយជំនួបរវាង សម្ដេចតេជោ ហ៊ុន សែន ជាមួយលោក ប៉ាក ហឹងឃ្យុង (Park Heung Kyeong) ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ថា លោក PARK Heung-Kyeong បានអបអរសាទរជូនចំពោះរាជរដ្ឋាភិបាលកម្ពុជាបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រួមទាំងកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុបបានយ៉ាងជោគជ័យ។
លើសពីនេះ លោក PARK Heung-Kyeong ក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន និងមន្ត្រីរាជការក៏ដូចជាប្រជាជនកម្ពុជាទាំងអស់បានផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អ ញ៉ាំងឱ្យបេសកកម្មការទូតរបស់លោកនៅកម្ពុជា ទទួលបានជោគជ័យ ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរកាន់តែរីកចម្រើនឡើងថែមទៀត ជាពិសេសតាមរយៈការរៀបចំដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោទៅកាន់ប្រទេសកូរ៉េ និងការរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េមកកាន់កម្ពុជា,ការចូលជាធរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, កិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា និងជាពិសេសដំណើរការឆ្លងនៃគម្រោងសាងសង់ស្ពានមិត្តភាពសាធារណរដ្ឋកូរ៉េ-កម្ពុជា ឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គដែលចាប់ផ្ដើមចេញពីផ្សារចាស់ទៅអរិក្សត្រ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក PARK Heung-Kyeong បានគោរពសុំការគាំទ្រ អំពីសម្ដេចតេជោ ហ៊ុន សែន នូវគម្រោងកែច្នៃសំរាមទៅជាថាមពលរបស់ក្រុមហ៊ុនអេកូខេម។ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ លោកអគ្គរដ្ឋទូត, និងរដ្ឋាភិបាលកូរ៉េដែលបានគាំទ្រភាពជាប្រធានអាស៊ានរបស់កម្ពុជា ហើយបានសម្ដែងការរីករាយជាមួយនឹងសមិទ្ធផលធំៗដែលកម្ពុជាទទួលបានពីទំនាក់ទំនងល្អ កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។
សម្តេចតេជោ បានមានប្រសាសន៍ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាសារបញ្ជាក់អំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរកម្ពុជា និងកូរ៉េ។ចំពោះករណីគម្រោងកែច្នៃសំរាមទៅជាថាមពលរបស់ក្រុមហ៊ុនអេកូខាមនោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសម្ដែងនូវការគាំទ្រ ហើយបានជូនឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាធ្វើការងារជាបន្តជាមួយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងសាលារាជធានីភ្នំ ពេញផងដែរ៕
Post a Comment