មនុស្សជិត ៤៦ ០០០នាក់ ត្រូវបានជម្លៀសចេញដោយសារតែគ្រោះទឹកជំនន់នៅក្នុងប្រទេសហ្វីលីពីន
អាជ្ញាធរហ្វីលីពីនបានប្រកាសជម្លៀសប្រជាជនប្រមាណជិត ៤៦ ០០០នាក់ ដោយសារគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ។ យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់ និង ៩នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានជន់លិចផ្នែកខ្លះនៃតំបន់ភាគខាងត្បូងនៃកោះមីនដាណាវ។
គ្រោះមហន្តរាយនេះបានកើតឡើងចំថ្ងៃបុណ្យណូអែល ដែលធ្វើឱ្យអ្នកកាន់សាសនាកាតូលិកនៅក្នុងប្រទេសនេះមិនអាចធ្វើប្រារព្ធកម្មវិធីនានានៅថ្ងៃបុណ្យដ៏សំខាន់បំផុតនេះ។
នៅក្នុងទីក្រុងជីងហ្គុក កម្រិតទឹកបានឡើងនៅតំបន់ខ្លះ ហើយភ្លៀងបានឈប់ហើយ។ ទីក្រុងនេះបានជម្លៀសមនុស្សប្រហែល ៣៣ ០០០នាក់ចេញពីផ្ទះរបស់ពួកគេ។ ឆ្មាំនៅតាមឆ្នេរសមុទ្រហ្វីលីពីនបានរាយការណ៍ថា ពួកគេបានជួយសង្គ្រោះគ្រួសាររាប់សិបនាក់នៅក្នុងទីក្រុងអូហ្សាមីហ្ស និងនៅទីប្រជុំជនក្លារីន នៅពេលដែលគ្រោះទឹកជំនន់បានឈានដល់កម្រិតកំពូល។
ខ្យល់បោកបក់ខ្លាំង និងរលកសមុទ្របានធ្វើឱ្យទូកនេសាទលិចនៅឯនាយសមុទ្រនៃកោះលេយតេ ដោយបានសម្លាប់មនុស្ស ២នាក់ ខណៈដែលមនុស្ស ៦នាក់ត្រូវបានជួយសង្គ្រោះ។
អាកាសធាតុអាក្រក់បានវាយប្រហារតំបន់ភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសហ្វីលីពីនភ្លាមៗ នៅពេលដែលប្រទេសដែលមានប្រជាជនចំនួន ១១០លាននាក់មួយនេះបានចាប់ផ្តើមពិធីថ្ងៃបុណ្យណូអែល នៅពេលដែលមនុស្សរាប់លាននាក់ជាធម្មតាបានវិលត្រឡប់ទៅផ្ទះវិញដើម្បីជួបជុំគ្រួសារ។
ប្រទេសហ្វីលីពីនជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ យោងតាមអ្នកវិទ្យាសាស្ត្របានឱ្យដឹងថា ព្យុះកាន់តែមានកម្លាំងខ្លាំងនៅពេលដែលពិភពលោកកាន់តែក្តៅ៕
Post a Comment