ព្រឹកស្អែក មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយកភូមិ ២២១ទូទាំងរាជធានី-ខេត្តនឹងបើកដំណើរហើយ
មណ្ឌលប្រឡងសញ្ញាបត្រទូតិយភូមិ (បាក់ឌុប) ចំនួន២២១នៅទូទាំងរាជធានី ខេត្ត នឹងត្រូវបើកដំណើរប្រឡង។ ការបើកដំណើរប្រឡងរយៈពេល២ថ្ងៃ (គឺថ្ងៃទី៥ និងថ្ងៃទី៦ ខែធ្នូ) ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវបានដឹកជញ្ជូនទៅកាន់បណ្ដារាជធានី-ខេត្ត សម្រាប់ត្រៀមប្រឡង ចាប់ពីថ្ងៃទី០៥ដល់ថ្ងៃទី៦ ខែធ្នូ ខាងមុខនេះរួចហើយ។
ក្រសួងអប់រំបានបញ្ជាក់ថា ប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី-ខេត្ត បានមកទទួលផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានី-ខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ៖ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២»។ក្រសួងបន្ដថា គណៈមេប្រយោគគ្រប់រូបបានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ដោយមានការចូលរួមត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងអនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
សូមជម្រាបថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២នេះ មានបេក្ខជនប្រឡងចំនួន ១២៨ ១៣៤ នាក់ និងមានមណ្ឌលប្រឡងចំនួន២២១ ត្រូវជា ៥ ២២៧បន្ទប់ ផងដែរ។ ចំណែកដំណើរការកំណែ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ ហើយដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ក្រសួងកំណត់យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ពេលរសៀលសម្រាប់ប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល និងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស។
ក្រសួងបានឲ្យដឹងថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ចំនួន ១២៨ ១៣៤ នាក់ ក្នុងនោះស្រីចំនួន ៦៨ ៧៧១ នាក់។ បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ ក្នុងមួយបន្ទប់ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ មណ្ឌលសំណេរមានចំនួនសរុប ២២១ មណ្ឌល ត្រូវជា ៥ ១៧៤ បន្ទប់។ មណ្ឌលកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល នៅរាជធានីភ្នំពេញ។ គណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរការប្រឡងសរុបចំនួន ២៧ ៧៥៣ នាក់។
ជាមួយគ្នានោះដែរ ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវ គោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យបេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ៕
Post a Comment