សម្តេចតេជោ ហ៊ុន សែន សម្រេចទម្លាក់ថវិកាជាតិ ៣០លានដុល្លារក្នុងផែនការដោះមីន និងអំពាវនាវសប្បុរសជនជួយទ្រទ្រង់ សកម្មភាពបោសសំអាតមីន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា សម្តេចទើបនឹងសម្រេចទម្លាក់ថវិកាជាតិប្រមាណ ៣០លានដុល្លារអាមេរិក ដាក់ចូលទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ថវិកានេះរួមជាមួយថវិកាពីដៃគូអភិវឌ្ឍអាចបន្តប្រើប្រាស់បានក្នុងឆ្នាំ២០២៣។
នៅលើទំព័រហ្វេសប៊ុកនៅព្រលប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ថវិកាសរុបប្រមាណ ១៨,៤៧៣,៥៧០ដុល្លារ ដែលជាព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រមទាំងសប្បុរសជនសម្រាប់ការដោះមីនត្រូវចំណាយអស់ហើយនៅត្រឹមព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ។
សម្តេចតេជោ បានគូសបញ្ជាក់ទៀតថា ដើម្បីធានាថាឆ្នាំ២០២៥ កម្ពុជានឹងអស់គ្រាប់មីន សម្តេចបានពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្ត្រី អូន ពន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ចេញថវិកាសន្សំរបស់រាជរដ្ឋាភិបាលចំនួន ៣០លានដុល្លារ ដាក់ទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា ក្នុងករណីខ្វះ និងសម្រាប់ឆ្នាំ២០២៤ និង២០២៥ អាជ្ញាធរមីន ត្រូវធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បី
រៀបចំថវិកាប្រចាំឆ្នាំ។
ជាមួយនឹងការបញ្ជាក់ពីការទម្លាក់ថវិកាជាតិទៅក្នុងកម្មវិធីបោសសំអាតមីននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអំពាវនាវដល់សប្បុរសជនចូលរួមតាមលទ្ធភាព ដើម្បីឱ្យឆ្នាំ២០២៥ កម្ពុជាគ្មានមីន ផ្តល់ដីដោយសុវត្តិភាព និងដោយស្នាមញញឹមជូនប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន ក៏ឱទ្ទិសបួងសួងសូមឱ្យឆ្នាំ២០២៥ ក្លាយជាឆ្នាំគ្មានមនុស្សស្លាប់ របួស និងជាឆ្នាំប្រកបដោយស្នាមញញឹមបន្ទាប់ពីរងគ្រោះដោយគ្រាប់មីនរយៈពេល ៥៥ឆ្នាំ (១៩៧០-២០២៥)។
សូមបញ្ជាក់ថា ដោយសារតែសង្គ្រាមហែកហួរចាប់តាំងពីអំឡុងចុងទសវត្សរ៍៦០ បានធ្វើឱ្យផ្ទៃដីកម្ពុជា ក្លាយទៅចំការមីន និងកប់នូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់។ ក្រោយវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងរកឃើញការរួបរួមផ្ទៃក្នុងដោយអន្លើ ក្រោមការជួយជ្រោមជ្រែងពីប្រទេសជាមិត្តផងនោះ កម្ពុជា បានចាប់ផ្តើមបោសសំអាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសង្គ្រាមនៅក្នុងឆ្នាំ១៩៩២។ មកដល់ឆ្នាំ២០២២នេះ មានរយៈ៣០ឆ្នាំហើយ។
រយៈពេល៣០ឆ្នាំនេះ ក្នុងបេសកកម្មសកម្មភាពមីនរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា ប្រទេសផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ បានរួមចំណែកយ៉ាងធំធេង ក្នុងការដោះស្រាយផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។
ក្នុងនោះផ្ទៃដីប្រមាណ ២,៥៣១គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច និងប្រែក្លាយជាដីសុវត្ថិភាពសម្រាប់ប្រជាជនប្រមាណ ៩លាននាក់ ប្រើប្រាស់ និងរាប់បញ្ចូលទាំងការសាងសង់លំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ ស្ពានថ្នល់ និងកសិកម្មជាដើម ជាពិសេសបានប្រែក្លាយ ដីមីន ទៅជាដីមាស។ ប្រតិបត្តិករ បានរកឃើញ និងកម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់លានគ្រាប់។ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន ១,១៥១,២៣២គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះចំនួន ២៦,១១២ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ចំនួន ៣,០២៨,៦៥៩គ្រាប់។
ចាប់តាំងពីឆ្នាំ១៩៧៩មក ប្រជាជនចំនួន ៦៥,០០៤នាក់ បានរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងនោះស្លាប់បាត់បង់ជីវិតចំនួន ១៩,៨១៨នាក់។ ជាមួយគ្នានឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ចំនួនជនរងគ្រោះប្រចាំឆ្នាំបានថយចុះពី ៤,៣២០នាក់ ក្នុងឆ្នាំ១៩៩៦ ជាឆ្នាំដែលមានចំនួនជងរងគ្រោះច្រើនបំផុត មកនៅ ៤៤នាក់ ក្នុងឆ្នាំ២០២១ កន្លងមកនេះ។
គិតត្រឹមខែតុលា ឆ្នាំ២០២២ កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២,០០១ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនចំនួន ៧០៣គីឡូម៉ែត្រក្រឡា និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ១,២៩៨គីឡូម៉ែត្រក្រឡា រាប់បញ្ចូលទាំងគ្រាប់បែកចង្កោមផងដែរ។
ក្នុងរយៈពេលជាង ៣០ឆ្នាំនេះ រាជរដ្ឋាភិបាល បានផ្ដល់ថវិកាជាង ២០០លានដុល្លារអាមេរិក សម្រាប់ចូលរួមក្នុងការងារសកម្មភាពមីន នៅកម្ពុជា ព្រមទាំងទ្រទ្រង់ដល់ដំណើរការស្ថាប័ន និងការត្រួតពិនិត្យតាមដានការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ៕
Post a Comment