កម្ពុជា-កូរ៉េ ចុះអនុស្សរណៈយោគយល់គ្នា លើកិច្ចសហការ និងពង្រឹងវិស័យពន្ធដារ
អគ្គនាយកដ្ឋានពន្ធដារ និងរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ បានចុះអនុស្សរណៈយោគយល់គ្នា នៃកិច្ចសហប្រតិបត្តិការបន្ថែម លើការអនុវត្តកិច្ចព្រមព្រៀង, ពង្រឹងការផ្លាស់ប្តូរព័ត៌មាន, ការផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីពន្ធដារ, ការរៀបចំសិក្ខាសាលាជួយឱ្យធុរជនកូរ៉េនៅកម្ពុជា, បង្កើនការយល់ដឹងអំពីកាតព្វកិច្ច និងអនុលោមភាពពន្ធ។
ការចុះអនុស្សរណៈយោគយល់គ្នា ធ្វើឡើងនៅក្រោមវត្តមាន របស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងឯកឧត្តម KIM CHANGKI អគ្គនាយកនៃរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២២។
ការចុះអនុស្សរណៈយោគយល់គ្នា ផ្តោតទៅលើកត្តាសំខាន់ៗពាក់ព័ន្ធវិស័យពន្ធដាររួមមាន៖ កិច្ចសហប្រតិបត្តិការបន្ថែមលើការអនុវត្តកិច្ចព្រមព្រៀង (DTA), ពង្រឹងការផ្លាស់ប្តូរព័ត៌មាន (EoI), ការផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីពន្ធដារ (GDT) ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើង នូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងសមត្ថភាពនៃការគ្រប់គ្រងពន្ធដារ, ការរៀបចំសិក្ខាសាលាជាប្រចាំ ដោយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជួយឱ្យធុរជនកូរ៉េ ដែលប្រកបធុរកិច្ចនៅកម្ពុជា បង្កើនការយល់ដឹងអំពីកាតព្វកិច្ច និងអនុលោមភាពពន្ធ ដោយក្នុងនោះអគ្គនាយកដ្ឋានពន្ធដារ មានបំណងចង់សិក្សាពីបទពិសោធន៍របស់រដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ លើផ្នែកបច្ចេកវិទ្យាព័ត៌មានដូចជា Artificial Intelligence (AI) និង Big Data ជាដើម។ពាក់ព័ន្ធវិស័យពន្ធដារនេះ, កម្ពុជា និងសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង DTA ដោយជោគជ័យលើចុះហត្ថលេខា ចាប់ផ្តើមពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២២ ។
កិច្ចព្រមព្រៀងទ្វេភាគីនោះ បាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់អ្នកជាប់ពន្ធ និងអ្នកវិនិយោគនៃប្រទេសទាំងពីរ បច្ចុប្បន្នក្រុមហ៊ុនកូរ៉េចំនួន ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានកំពុងទទួលបានអត្ថប្រយោជន៍ពី DTA ហើយលើសពីនេះទៀត មានក្រុមហ៊ុនកូរ៉េជាច្រើន បានបន្តស្នើសុំអត្ថប្រយោជន៍ពី DTA គិតត្រឹមខែ វិច្ឆិកា ឆ្នាំ២០២នេះ សរុបមានចំនួន ៣៦ សំណើរ៕
Post a Comment