ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាល និងបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១
សម្ដេចអគ្គមហានសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ដែលមានប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖- សម្តេចតេជោ ហ៊ុន សែន បានប្រកាសសុំការអធ្យាស្រ័យពីប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវជាតិលេខ៤១ និងប្រជាពលរដ្ឋធ្វើដំណើរពេលការដ្ឋានបានចាប់ផ្តើម ដែលនឹងមានផលប៉ះពាល់ខ្លះជៀសមិនរួច តែទៅពេលរួចរាល់ផ្លូវនេះនឹងផ្តល់អត្ថប្រយោជន៍រាប់មិនអស់ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ។
- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយសារទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន កម្ពុជាបាននាំផលិតផលកសិកម្មទៅប្រទេសចិនជាច្រើនដោយផ្ទាល់ជាបន្តបន្ទាប់ដូចជា៖ ផ្លែឈើស្រស់ និងចុងក្រោយនេះ គឺការនាំត្រីប្រាទៅកាន់ទីផ្សារប្រទេសចិនផងដែរ។
- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កំណើនយានយន្តដ៏ច្រើនលើសលប់របស់កម្ពុជា បានក្លាយជាអតុល្យភាពមួយក្នុងសង្គម ខណៈផ្លូវជាច្រើនមានភាពតូចចង្អៀត ដែលទាមទារឱ្យមានការស្តារ និងលើកកម្រិតគុណភាពជាចាំបាច់។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលកំពុងប្រឹងប្រែងធ្វើយ៉ាងម៉េច កុំឱ្យមានអតុល្យភាពទំនិញ និងតម្រូវការខ្លាំងពេក ដូចជា៖ អ្នកចិញ្ចឹមជ្រូក ចង់ឱ្យសាច់ជ្រូកបានថ្លៃ ខណៈដែលអ្នកទទួលទានសាច់ជ្រូក ចង់ឱ្យសាច់ជ្រូកចុះថោកជាដើម....។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ពីមុនកម្ពុជាខ្វះខាតស្បៀង សម្រាប់ប្រជាពលរដ្ឋទទួលទាន តែពេលនេះកម្ពុជាសល់ស្បៀង(ស្រូវ-អង្ករ)ប្រមាណ ៤លានតោនក្នុងមួយឆ្នាំៗ ដែលទាមទារឱ្យរាជរដ្ឋាភិបាលប្រឹងប្រែងរកទីផ្សារ ដើម្បីបញ្ចេញស្រូវ-អង្ករ លើសតម្រូវការប្រើប្រាស់ក្នុងស្រុកចេញ។
- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សេដ្ឋកិច្ចសកលបានរងផលប៉ះពាល់យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមួយផ្នែកបណ្តាលមកពីការរាតត្បាតមេរោកជំងឺកូវីដ-១៩ ,បញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងបញ្ហាទណ្ឌកម្មសេដ្ឋកិច្ចជាដើម។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ទោះបីពិភពលោក រួមទាំងកម្ពុជាផង រងផលប៉ះពាល់ដោយសេដ្ឋកិច្ចសកល ជាពិសេសវិបត្តិថាមពល ក៏តម្លៃអគ្គិសនីនៅកម្ពុជា មិនឡើងថ្លៃឡើយ តែសម្តេចក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋប្រើប្រាស់អគ្គិសនីដោយភាពសន្សំសំចៃខ្ពស់។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់គ្រួសារ ដែលមានឪពុក-ម្តាយ-យាយ-តា ចាស់ជរា សូមគិតគូរខ្ពស់ដល់សុខភាពពួកគាត់ឱ្យបានដិតដល់បំផុតក្នុងរដូវរងារនេះ ព្រោះអាកាសធាតុត្រជាក់ប៉ះពាល់ដល់មនុស្សចាស់ណាស់។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋដែលប្រើប្រាស់ដងផ្លូវ សូមគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នជាប់ជានិច្ច ខណៈដែលគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងរៀងរាល់ថ្ងៃ បណ្តាលឱ្យមានមនុស្សស្លាប់-របួស និងខូតខាតទ្រព្យសម្បត្តិជាច្រើន។
- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពីមុនសម្តេចធ្លាប់ប្រកាសឱ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ ជាជាងខ្លាចនគរបាលចរាចរណ៍ចាប់ផាកពិន័យ តែពេលនេះសម្តេចសូមអំពាវនាវ«ឱ្យខ្លាចការបាត់បង់អាយុជីវិតខ្លួនឯង និងអ្នកដទៃ...[]..»។
- សម្តេចតេជោ ហ៊ុន សែន សូមថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ,លោកគ្រូ-អ្នកគ្រូ,គណៈកម្មការរៀបចំការប្រឡងបាក់ឌុប,ស.ស.យ.ក, សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននៅទូទាំងប្រទេសដែលបានយកចិត្តទុកដាក់ខិតខំរៀបចំការប្រឡងបាក់ឌុបប្រកបដោយជោគជ័យ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសសូមចូលរួមអបអរសាទរជាមួយឪពុក-ម្តាយ,អាណាព្យាបាល និងចៅៗទាំងអស់ ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងប្រទេស ទោះក្នុងកម្រិតនិទ្ទេសអ្វីក៏ដោយ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តនាំគ្នាប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលតួលេខ នៃករណីឆ្លងប្រចាំថ្ងៃជំងឺកូវីដ-១៩ មានការឡើងចុះក្នុងកម្រិតតិចតួចក៏ដោយ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តកណ្តាល និងកំពង់ស្ពឺ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយសម្តេចសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ និងកណ្តាល នឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ និងការបោះឆ្នោតជាបន្តបន្ទាប់។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសបន្តយុទ្ធនាការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌសល់ពីសង្គ្រាម ដើម្បីផ្តល់ដីសុវត្ថិភាព និងស្នាមញញឹមដល់ប្រជាពលរដ្ឋ។
- សម្តេចតេជោ ហ៊ុន សែន បានបន្តប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋឱ្យនាំគ្នាទៅទទួលវ៉ាក់សាំងកូវីដ-១៩ ទាំងដូលមូលដ្ឋាន និងដូសជំរុញទី៣,ទី៤ ព្រមទាំងដូសបន្តបន្ទាប់ឱ្យបានគ្រប់ៗគ្នា តាមទីកន្លែង និងតាមការណែនាំរបស់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
Post a Comment