អាជ្ញាធរ និងពលរដ្ឋស្រុកកោះសូទិន រីករាយនឹងដំណឹងស្ថាបនាស្ពានបេតុង ២កន្លែងឆ្លងកាត់ទន្លេតូច

អាជ្ញាធររួមទាំងប្រជាពលរដ្ឋក្នុងស្រុកកោះសូទិនបង្ហាញភាពរីករាយពេលឃើញលិខិតក្រសួងមហាផ្ទៃផ្ញើជូនក្រសួងអភិវឌ្ឍន៍ជនបទ នូវសំណើរសុំស្ពានចំនួន ២កន្លែង ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម តភ្ជាប់ទៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

ក្នុងលិខិតចេញថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ គឺបានស្នើឲ្យក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យលទ្ធភាពស្ថាបនាស្ពានបេតុង២កន្លែង ដែលឆ្លងកាត់ទន្លេតូច ពីភូមិព្រែកសណ្តែក ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ទៅភូមិល្វេ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានប្រវែង១១០ម៉ែត្រ។

ស្ពានមួយកន្លែងទៀត ពីភូមិព្រែកព្នៅ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ទៅភូមិកំពង់ចំបក់ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានប្រវែង ១១០មែត្រ។

ប្រជាពលរដ្ឋសង្ឃឹម និងសប្បាយរីករាយថា ឆ្នាំ២០២៣ខាងមុខ ពួកគេនឹងបានទទួលសមិទ្ធផលថ្មីមួយទៀតនេះហើយ៕




Powered by Blogger.