និស្សិតឆ្នាំទី២ម្នាក់ ត្រូវជនដៃដល់ជាអ្នកស្គាល់គ្នាចាក់សម្លាប់ក្នុងបន្ទប់ជួល នៅក្រុងកំពង់ចាម
និស្សិតឆ្នាំទី២ម្នាក់ រៀននៅសាកលវិទ្យាល័យវេស្ទើន ក្រុងកំពង់ចាម ខេត្តកំពង់ចាម ត្រូវបានបុរសម្នាក់ជាអ្នកស្គាល់គ្នា និងធ្លាប់រៀនជាមួយគ្នានៅអនុវិទ្យាល័យ ចាក់សម្លាប់ក្នុងបន្ទប់ជួល ស្ថិតនៅសង្កាត់វាលវង់ ក្រុងកំពង់ចាម។ ជនដៃដល់ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាព។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោយសមត្ថកិច្ចទទួលបានសេចក្ដីរាយការណ៍ថា មានករណីបង្កហិង្សាក្នុងបន្ទប់ជួលរបស់គាត់ ដែលបានជួលឲ្យក្មេងស្រីម្នាក់ស្នាក់នៅរៀនសូត្រ។
ក្រោយទទួលព័ត៌មានភ្លាម លោកវរសេនីយ៍ឯក អ៉ឺង ប៊ុន អធិការនគរបាលក្រុមកំពង់ចាម បានចាត់បញ្ជាឲ្យកម្លាំងជំនាញ នៃអធិការដ្ឋាន, កម្លាំងប៉ុស្តិ៍រដ្ឋបាលវាលវង់ សហការជាមួយកម្លាំងជំនាញ នៃផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត ចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ។ ពេលកម្លាំងចុះដល់ទីតាំងកើតហេតុ ក៏ប្រទះឃើញមានមនុស្សម្នាក់ ដៃកាន់កូនកាំបិត។
ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យនោះភ្លាម និងពិនិត្យមើលក្នុងបន្ទប់ឃើញមានស្នាមឈាមប្រលាក់ពេញការ៉ូ និងឃើញក្នុងបន្ទប់ទឹក (បន្ទប់ជួល) នោះ មានសាកសពនារីម្នាក់ ទើបសមត្ថកិច្ចសន្មត់ថា ជាករណីឃាតកម្មតែម្ដង។ តាមការសាកសួរម្ចាស់បន្ទប់ជួលខាងលើ ជនរងគ្រោះនេះមានឈ្មោះ វៀត ចន្ទ្រា អាយុ២០ឆ្នាំ មុខរបរជានិស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យវេស្ទើន និងមានទីលំនៅ នៅភូមិស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
តាមការសាកសួរជនសង្ស័យមានឈ្មោះ យឺ ម៉េងឈៀក អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដំណាក់អំពិល ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព (អារ.ក) សម្លាប់ជនរងគ្រោះឈ្មោះ វៀត ចន្ទ្រា អាយុ២០ឆ្នាំ មុខរបរជានិស្សិតឆ្នាំទី២ រៀននៅសាកលវិទ្យាល័យវេស្ទើន ក្រុងកំពង់ចាម និងមានទីលំនៅនៅភូមិក្តុយ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយយកកាំបិតចិត្តបន្លែទៅអារ.កសម្លាប់ជនរងគ្រោះ បណ្ដាលឲ្យស្លាប់នៅក្នុងបន្ទប់ជួល នៅវេលាម៉ោង៤ទាបភ្លឺថ្ងៃនេះប្រាកដមែន។
ជនសង្ស័យបានបញ្ជាក់ថា កន្លងមកខ្លួន និងជនរងគ្រោះធ្លាប់ស្គាល់រាប់អានគ្នា កាលពីរៀននៅអនុវិទ្យាល័យព្រីងជ្រុំ អំឡុងឆ្នាំ២០១៩ រហូតពេលកើតហេតុ ក៏ជិះម៉ូតូជួបគ្នាដោយចៃដន្យ រួចក៏បបួលគ្នាដើរលេង និងបានជូនជនរងគ្រោះទៅបន្ទប់ដេកវិញ ដោយខឹងជនរងគ្រោះមិនឲ្យខ្លួនដេករួមភេទជាមួយក៏អារ.កសម្លាប់តែម្ដង។ នៅកន្លែងកើតហេតុ បន្សល់ទុកនូវកាំបិតចិតបន្លែបាក់ដងចំនួន០១ និងម៉ូតូម៉ាក Honda Dream C125 ផលិតឆ្នាំ២០១៩ ពណ៌ខ្មៅ (គ្មានស្លាកលេខ) និងស្នាមកាប់។
ករណីនេះ សមត្ថកិច្ចជំនាញបានឃាត់ និងនាំខ្លួនជនសង្ស័យ មកអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីបន្តកសាងសំណុំរឿងតាមនីតិវិធី៕
Post a Comment