មនុស្ស ១៥៥នាក់រងរបួសស្រាល ក្នុងគ្រោះថ្នាក់រថភ្លើងបុកកន្ទុយគ្នានៅក្បែរទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញ
សេវាសង្គ្រោះបន្ទាន់ និងក្រុមហ៊ុនផ្លូវដែកអេស្ប៉ាញបានរាយការណ៍ឲ្យដឹងថា មនុស្សជាង ១៥០នាក់បានរងរបួសស្រាលកាលពីថ្ងៃពុធសប្តាហ៍នេះ នៅពេលដែលរថភ្លើងមួយខ្សែ បានបុកជាមួយផ្នែកខាងក្រោយនៃរថភ្លើងមួយទៀត នៅឯស្ថានីយ៍មួយនៅជិតទីក្រុងបាសេឡូណា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០២២។
អ្នកនាំពាក្យសម្រាប់សេវាសង្គ្រោះបន្ទាន់ក្នុងតំបន់បាននិយាយថា ភាគច្រើននៃអ្នករងរបួសនៅក្នុងការប៉ះទង្គិចគ្នា ដែលបានកើតឡើងនៅវេលាម៉ោងប្រហែល ៨ព្រឹក (ម៉ោងក្នុងតំបន់) បានទទួលរងរបួសស្រាល ខណៈដែលប្រាំនាក់ទៀតស្ថិតក្នុងស្ថានភាពមធ្យម។
អ្នកនាំពាក្យម្នាក់បានប្រាប់ AFP យ៉ាងដូច្នេះថា «មានមនុស្ស ១៥៥ នាក់បានរងផលប៉ះពាល់ក្នុងនោះ ១៥០នាក់បានរងរបួសស្រាល និង ០៥នាក់ដែលរងរបួសមធ្យម»។
លោកស្រីគូសបញ្ជាក់ថា អង្គភាពពេទ្យចំនួន១៨ ត្រូវបានដាក់ពង្រាយទៅកាន់កើតហេតុដែលស្ថិតនៅចម្ងាយប្រហែល ១០គីឡូម៉ែត្រស្ថិតភាគខាងជើងនៃទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញ៕
Post a Comment