ជនសង្ស័យចំនួន០៣នាក់ ដែលធ្វើសកម្មភាពគាស់ផ្ទះពលរដ្ឋក្នុងពេលរាត្រីត្រូវនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ឃាត់ខ្លួន
ជនសង្ស័យ០៣ នាក់ត្រូវបាននគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ បន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាពគាស់ផ្ទះពលរដ្ឋលួចសម្ភារៈមានតម្លៃនៅក្នុងផ្ទះ រួចគេចខ្លួន។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៤និង៣០នាទី ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២២ ចំណុចផ្ទះជួលគ្មានលេខ ផ្លូវ ៣៥៧ ភូមិ កណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន ទី១ ឈ្មោះ សុខ ថៃ ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។ ទី២ ឈ្មោះ ចាន់ សីហា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ជនសង្ស័យទាំង៣នាក់ មានមុខរបរ និង ស្នាក់នៅមិនពិតប្រាកដ។ និងទី៣ ឈ្មោះ កូវ ឌី ភេទប្រុស ៣៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។
លោកវរសេនីយ៍ត្រី អ៊ុ រតនា នាយប៉ុស្តិ៍នគរបាលច្បារអំពៅ២ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានចាក់សោទ្វារផ្ទះកើតហេតុត្រឹមត្រូវ រួចទៅដេកនៅផ្ទះម្តាយនៅសង្កាត់ និរោធ ស្រាប់តែមានជនសង្ស័យ ០៣នាក់ ជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១V-៤៩៨៦ មកឈប់ក្បែរផ្ទះជួលជនរងគ្រោះ រួចនាំគ្នាយកដែកកែច្នៃចុងស្រួចឆ្កឹះសោទ្វារផ្ទះឲ្យរបើកចូល លួចយកទ្រព្យសម្បត្តិរួមមាន ៖ ម៉ូតូ ០១គ្រឿង ម៉ាកហុងដាស្កូបពី ពណ៌ស មិនចាំផ្លាកលេខ, ទូរទស្សន៍ ០១គ្រឿង និង កៅអីដែកបត់ចំនួន១០ ហើយជនសង្ស័យទាំង ៣នាក់រត់គេចខ្លួនបាត់។ ចំណែកម៉ូតូជនសង្ស័យបាន យកទៅលក់ឲ្យគេបានប្រាក់ ២០០ដុល្លារ ចែកគ្នាទិញ សារធាតុញៀន ដើម្បីប្រើប្រាស់ និង លេងហ្គេម Online អស់។
លោកនាយប៉ុស្តិ៍នគរបាល បានបន្តឲ្យដឹងថាដោយអនុវត្តន៍តាមបទបញ្ជាពីលោក វរះសេនីយឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ដូច្នេះហើយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍សហការជាមួយសមត្ថកិច្ចជំនាញខណ្ឌ បានបើកការស្រាវជ្រាវ រហូតមកដល់ម៉ោង ២២និង៣០នាទីយប់ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២ នគរបាលបានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ឈ្មោះ សុខ ថៃ និងឈ្មោះ ចាន់ សីហា រួមនិងវត្ថុតាងម៉ូតូ ០១គ្រឿង ម៉ាកហុងដាវ៉េវ (ជិះធ្វើសកម្មភាព), ទូរទស្សន៍ ០១គ្រឿង និងកៅអីដែក០១ លុះដល់ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នេះកម្លាំងជំនាញបានបន្ត បក្សពួកជនសង្ស័យម្នាក់ទៀតឈ្មោះ កូវ ឌី ហៅ ឌី នៅចំណុចការដ្ឋានសំណង់ មួយកន្លែង ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ និង បានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ យកមកសួរនាំ។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
Post a Comment