លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ ពេទ្យស្ម័គ្រចិត្តTYDA បានព្យាបាលប្រជាពលរដ្ឋជិត៤០ម៉ឺននាក់ដោយមិនគិតលុយ
លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានថ្លែងថា ក្រុមគ្រូពេទ្យ TYDA បានបង្កើតមកអស់រយៈពេល១០ឆ្នាំមកហើយ ក្រុមគ្រូពេទ្យបានធ្វើការព្យាបាលមិនគិតលុយដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដោយមិនគិតនិន្នាការនយោបាយ និងរើសអើងជាតិសាសន៍បានជិត ៤០ម៉ឺននាក់។
ថ្លែងនៅក្នុងពិធីអបអរសាទរ និងពិសារអាហាសាមគ្គីគម្រប់ខួប១០ឆ្នាំ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញលោក ហ៊ុន ម៉ាណែត បានលើកឡើងថា «ពេទ្យTYDA បានវិវត្តពីការព្យាបាលជម្ងឺទូទៅ និងតូចតាច នៅតាមមូលដ្ឋានឈានទៅព្យាបាលប្រភេទជម្ងឺធ្ងន់ជាអាទិ៍៖ ជំងឺមហារីក ជំងឺបេះដូង និងជាពិសេសបានពុះពារក្នុងដំណាក់កាលដ៏ស្មុគស្មាញជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩»។ ក្នុងរយៈកាល១០ឆ្នាំ មកនេះ TYDA បានព្យាបាលជូនប្រជាជនសរុបចំនួនជាង ៣៦ម៉ឺននាក់ ក្នុងនោះចំនួនជាង ៦.០០០ នាក់ ជាប្រភេទជម្ងឺធ្ងន់ ។
ដោយសារសមិទ្ធផលទាំងអស់នេះហើយ ទើប TYDA ត្រូវបានទទួលស្គាល់ពីសំណាក់ប្រជាជនគ្រប់ស្រទាប់ ព្រមទាំងគ្រប់ស្ថាប័នពាក់ព័ន្ធ ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ក្នុងការសង្គ្រោះអាយុជីវិតរបស់ប្រជាជនគ្រប់រូប ដើម្បីជួយផ្តល់នូវស្នាមញញឹម និងភាពសប្បាយរីករាយដល់សង្គមគ្រួសារកម្ពុជា។
ជាមួយគ្នានោះលោក ហ៊ុន ម៉ាណែត ក៏បានអបអរសាទរ ចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលបានធ្វើដំណើរអស់រយៈកាល ១០ឆ្នាំកន្លងមក ដោយចាប់ផ្តើមពីសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ខេត្តកំពង់ចាម ជាមួយសមាជិកតែ ៨ នាក់ កាលពីឆ្នាំ២០១១ រហូតមកដល់ពេលបច្ចុប្បន្ន មានសមាជិកកើនទ្បើងដល់ជាង ៨.០០០ នាក់ និងមានការរីកលូតលាស់នៅតាមគ្រប់បណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា ហើយនឹងកំពុងបន្តរីកចម្រើនតទៅទៀត ។
ក្នុងឱកាសនោះដែរ លោកក៏សូមគោរពថ្លែងអំណរគុណ និងកតញ្ញូតាធម៌ ចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងបានផ្តល់នូវការគាំទ្រ ទាំងការផ្តល់នូវគោលគំនិត ការតម្រង់ទិស និងការលើកទឹកចិត្តក្នុងការចូលរួមជួយសង្គ្រោះដល់ប្រជាជនតាមលទ្ធភាពដែលអាចធ្វើទៅបានប្រកបដោយទឹកចិត្តសប្បុរស ព្រមទាំងបានឆ្លៀតពេលវេលាពីភាពមមាញឹក មកជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិការរបស់ TYDA នាពេលកន្លងមកថែមទៀតផង។
ទន្ទឹមនឹងនេះ ក៏សូមថ្លែងអំណរគុណផងដែរ ចំពោះអាជ្ញាធររាជធានី-ខេត្ត និងគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អកន្លងមក ដែលបានបង្កភាពងាយស្រួលដល់សមាគម ក្នុងបម្រើប្រជាជន ជាពិសេសចំពោះក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលរាជធានីខេត្ត ដែលបានផ្តល់ការទុកចិត្តដល់ TYDA ក្នុងការចូលរួមជាមួយកម្លាំងសាមគ្គីទូទាំងប្រទេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ដ៏កាចសាហាវ កន្លងមក។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់សប្បុរសជន, កម្លាំងយុវជនស្ម័គ្រចិត្ត, សិល្បករ, សិល្បការិនី, ដៃគូជាតិ និងអន្តរជាតិនានា ដែលបានយកចិត្តទុកដាក់ និងជួយឧបត្ថម្ភគាំទ្រដល់ TYDA នៅក្នុងបុព្វហេតុដ៏ថ្លៃថ្លា នៃការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខុមាលភាពប្រជាជននៅតាមមូលដ្ឋាន ព្រោះថាសុខភាពល្អបរិបូណ៌ គឺជាទ្រព្យធនដ៏មានតម្លៃមហាសាល, និង ជាកត្តាចាំបាច់ និង មិនអាចខ្វះបាន នៅក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
លើសពីនេះ សូមអរគុណដល់ថា្នក់ដឹកនាំ សមាជិក សមាជិការបស់ TYDA ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និង ប្រាជ្ញាស្មារតី ដែលបានចូលរួមជំរុញឱ្យសមាគមរីកលូតលាស់ និង មានសមិទ្ធផលជាផ្លែផ្កា ដើម្បីបំពេញបេសកម្មជូនប្រជាជនឱ្យកាន់តែល្អប្រសើរផងដែរ៕
Post a Comment