Update៖ ឆេះអគារកាស៊ីណូ នៅប៉ោយប៉ែត អ្នកស្លាប់បានកើនឡើងដល់ចំនួន១៩នាក់ និង ៥៣នាក់រងរបួសធ្ងន់ គិតត្រឹមរសៀលថ្ងៃថ្ងៃទី២៩

Update៖ ឆេះអគារកាស៊ីណូ នៅប៉ោយប៉ែត អ្នកស្លាប់បានកើនឡើងដល់ចំនួន១៩នាក់ និង ៥៣នាក់រងរបួសធ្ងន់ គិតត្រឹមរសៀលថ្ងៃថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ ​ តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ​ក្នុងហេតុការណ៍​ឆេះអគារកាស៊ីណូ ហ្គ្រែនដាយមិនស៊ីធី នៅប៉ោយប៉ែត អ្នកស្លាប់បានកើនឡើងដល់ចំនួន១៩នាក់ និង ៥៣នាក់រងរបួសធ្ងន់ ។

សមត្ថកិច្ចកម្ពុជា-ថៃ បាន និងកំពុងបន្តសកម្មភាពបាញ់ទឹកពន្លត់អគារដែលបានឆាប់ឆេះ ដើម្បីរុករកជនរងគ្រោះនៅក្នុងអគារ ហើយការបាញ់ពន្លត់នេះ សមត្ថកិច្ចបានគ្រប់គ្រងការឆេះបានប្រមាណ ៨០%ហើយ នៅប្រមាណ ២០%ទៀតប៉ុណ្ណោះនៅលើអគារដែលទ្រេតរៀបនឹងដួលរំលំ ហើយប្រតិបត្តិការរុករកជនរងគ្រោះ គឺកំពុងធ្វើពីសំណាក់ក្រុមសង្គ្រោះរបស់ខ្មែរ និងថៃ។
ជាមួយគ្នានេះអាជ្ញាធរ និងសមត្ថកិច្ច បានរៀបចំបិទផ្លូវធ្វើដំណើរ ពីចំណុចរង្វង់មូលច្រកអន្តរជាតិប៉ោយប៉ែត ទៅដល់ខ្លោងទ្វារច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីការពារខ្លាចអគារដួលរលំ បង្កគ្រោះថ្នាក់បន្ថែមទៀត។
ការសម្រេចតម្កល់សពជនរងគ្រោះ ក្រោយរកឃើញសាកសព ជនរងគ្រោះជាបន្តបន្ទាប់ ​ក្នុងហេតុការណ៍​ឆេះអគារកាស៊ីណូ ហ្គ្រែនដាយមិនស៊ីធី នៅប៉ោយប៉ែត អាជ្ញាធរបានសម្រេច តម្កល់សពជនរងគ្រោះ នៅវត្តត្រាច ( វត្តខ្មែរក្នុងក្រុងប៉ោយប៉ែត ) មានចម្ងាយប្រហែលជា ២ គីឡូម៉ែត្រពីទីតាំងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យ មុនធ្វើការដឹកចេញទៅប្រទេសថៃ និងតំបន់គោលដៅនានានេះ ធ្វើឡើងបន្ទាប់ពីមានការពិភាក្សាគ្នារវាងអាជ្ញាធរខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយលោក អ៊ុំ រាត្រី ជាអភិបាលខេត្ត ជាមួយអាជ្ញាធរថៃ។ ប៉ុន្តែមុនមានការសម្រេចនេះ កាលពីទាបភ្លឺ បន្ទាប់ពីរកឃើញសព និងអ្នករបួសមួយចំនួន សមត្ថកិច្ចថៃ ក៏បានដឹកសព និងអ្នករបួសជាច្រើននាក់ដែរ ដើម្បីសង្គ្រោះបន្ទាន់នៅប្រទេសថៃ។

សូមបញ្ជាក់ថា អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហ៊ានដំបូងថា ឆ្លងចរន្ដអគ្គិសនីនៅទីតាំងហ្គេមជាន់ក្រោម ហើយបានរីករាលដាលតែម្ដង។
ប្រតិបត្តិការនៅកន្លែងកើតហេតុ ធ្វើឡើងដោយកម្លាំងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សហការជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០, កម្លាំងអាជ្ញាធរខេត្តមាន នគរបាល អាវុធហត្ថ និងយោធា ព្រមទាំងមានការចូលរួមពីកងកម្លាំងសមត្ថកិច្ចរបស់ថៃផងដែរ៕





Powered by Blogger.