ឯកឧត្តម ស សុខា និងលោក អ៊ុំ រាត្រី ដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមការងាររៀបចំកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ ឆ្នាំ២០២៣

ឯកឧត្តម ស សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាអ្នកផ្តួចផ្តើមរៀបចំកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្ត ដើម្បីត្រៀមការងាររៀបចំកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ ឆ្នាំ២០២៣ ខាងមុខ នៅតំបន់ប្រាសាទបន្ទាយឆ្មារ ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ម្សិលមិញ។


ឯកឧត្តម ញ្ជាក់ថា ការរៀបចំឲ្យមានកម្មវិធីចូលឆ្នាំបន្ទាយឆ្មារនេះឡើង ក្នុងគោលបំណង៖

* ទី១៖ បង្កើតឲ្យមានបរិយាកាសជួបជុំឪពុកម្តាយ យុវជន និងមហាជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមម្លប់សន្តិភាព

* ទី២៖ ជាមហាគ្រួសារខ្មែរតែមួយ ជាការរួមចំណែកតបស្នងដល់វិញ្ញាណក្ខន្ធបុព្វបុរសដែលបានបូជាជីវិតដើម្បីជាតិ ជាការតបគុណដែលលោកបានបន្សល់ទុកនូវមរតកវប្បធម៌ ប្រពៃណីដ៏ផូរផង់ដល់កូនចៅជំនាន់ក្រោយ

* ទី៣៖ រំលឹកនិងធ្វើឲ្យរស់រវើកនៃមរតកបេតិកភណ្ឌអរូបិយខ្មែរនៅលើទីតាំងនៃបេតិកភណ្ឌរូបី

* ទី៤៖ ផ្តល់ឱកាសឲ្យយុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានស្វែងយល់បន្ថែមអំពីភាពរុងរឿងល្បីល្បាញ ភាពសំបូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី សាសនា និងបន្តថែរក្សាកេរមរតកនេះ ឲ្យបានគង់វង្ស ព្រមទាំងបន្តពង្រីកកិត្យានុភាពជាតិលើឆាកអន្តរជាតិ

* ទី៥៖ បង្ហាញនូវវប្បធម៌ និងសិល្បៈនៃការចែករំលែក ការរាប់អាន ភាពទន់ភ្លន់របស់ប្រជាពលរដ្ឋខ្មែរក្នុងការជួយទុក្ខធុរៈគ្នាទៅវិញទៅមកដូចបងប្អូនតែមួយ

* និងទី៦៖ ផ្តល់ឱកាសឲ្យពាណិជ្ជករ សហគ្រិន អាជីវករ ចូលរួមតាំងបង្ហាញវត្ថុអនុស្សាវរីយ៍ និងផលិតផលសិប្បកម្មដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌ក្នុងតំបន់៕


Powered by Blogger.