ចេតិយបុរាណមួយ ក្នុងវត្តបទុមវតី ត្រូវបានវាយបំបែក ដោយសារការយល់ «ច្រឡំ»
សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក បានមានបន្ទូលប្រាប់សារព័ត៌មានថ្មីៗថា ចេតិយបុរាណស្ថិតក្នុងវត្តបទុមវតី ដែលត្រូវបានវាយនោះ ដោយសារតែការស្ដាប់ច្រឡំ ពីភិក្ខុសង្ឃដែលដឹកនាំជួលជុល។
សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក បានមានបន្ទូលថា ដំបូងឡើយព្រះសង្ឃដែលជាគណៈគ្រប់គ្រងវត្ត បានប្រាប់ភិក្ខុសង្ឃមួយព្រះអង្គ ឱ្យដឹកនាំជាងទៅជួសជុល និងរៀបចំឥដ្ឋកន្សែង នៅទីតាំងជាប់ចេតិយបុរាណនោះឱ្យបានស្អាត ប៉ុន្តែភិក្ខុសង្ឃដែលដឹកនាំការជួសជុលនោះ ស្ដាប់មិនច្បាស់ បែរជាប្រាប់ជាងឱ្យវាយចេតិយបុរាណទៅវិញ។
«លោក(ព្រះសង្ឃ) ចាត់ចែងឱ្យរៀបចំឥដ្ឋកន្សែងខាងក្រោម ប៉ុន្តែគាត់(ភិក្ខុសង្ឃ)បែរជាច្រឡំទៅរុះចេតិយចាស់។ គាត់ស្មានតែលោកឱ្យរុះ ប៉ុន្តែមិនមានអ្នកណាឱ្យរុះផងហ្នឹង គ្មានអ្នកណាឱ្យប៉ះពាល់ផងហ្នឹង។ មានភិក្ខុមួយអង្គនៅទីនោះ ដឹកនាំប្រាប់ឱ្យវ៉ៃ ទើបបានជាជាងហ៊ានវ៉ៃ»។ នេះជាការអះអាងរបស់ព្រះអង្គ ឃឹម សន នៅថ្ងៃទី២ខែមករា ឆ្នាំ២០២៣នេះ ។
ទោះជាយ៉ាងណាព្រះអង្គ ឃឹម សន មានបន្ទូលថា ការវាយចេតិយនោះទើបតែបានបន្តិចបន្តួចប៉ុណ្ណោះ។ ព្រះអង្គបន្ថែមថា មន្ត្រីជំនាញនៃក្រសួងវប្បធម៌ បានចុះទៅត្រួតពិនិត្យដើម្បីជួសជុល និងកែលម្អឡើងវិញ ដើម្បីរក្សាភាពដើម។
ព្រះអង្គបន្ថែម៖«អាត្មាបានមើល២ទៅ៣ដងដែរ ឃើញកំពូលរាងត្រេតបន្តិច។ វាយកំពូល ហើយនឹងវាយជើងក្រោមបន្តិច។ ប្រហែលជាវាយថ្ងៃទី៣០ខែធ្នូ។ ថ្ងៃនោះអាត្មានៅរកាកោង បានខាងមន្ត្រីវប្បធម៌ ហៅទូរសព្ទប្រាប់ ទើបអាត្មាប្រាប់ឱ្យបញ្ឈប់។
យ៉ាងណាក៏ដោយ សារព័ត៌មានថ្មីៗ ពុំទាន់អាចសុំការបញ្ជាក់បន្ថែម ពីមន្ត្រីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឡើយ នៅថ្ងៃទី២ខែមករាឆ្នាំ២០២៣នេះ ដោយទូរសព្ទចូល ប៉ុន្តែពុំមានអ្នកទទួល។
មន្ត្រីជំនាញវប្បធម៌ ចេតិយបុរាណដែលត្រូវបានវាយនោះ បានកសាងក្នុងឆ្នាំ១៩០០៕
Post a Comment