ឯកឧត្តម ស សុខា ប្រគល់ម៉ូតូជូនសិស្សនិទ្ទេស A និងចែកអំណោយជូនពលរដ្ឋ ៥០០គ្រួសារ នៅខេត្តបាត់ដំបង
នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ក្រោមវត្តមានលោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញជាអធិបតីពិធីសំណេះសំណាល ប្រគល់ម៉ូតូជូនសិស្សនិទ្ទេស A និងចែកអំណោយជូនពលរដ្ឋ ចំនួន ៥០០គ្រួសារ នៅក្រុងបាត់ដំបង។
បើតាមរបាយការណ៍របស់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា សិស្សនិទ្ទេស A នៅទូទាំងខេត្តបាត់ដំបង សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១-២០២២ សម័យប្រឡង ៖ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ មានចំនួន ៥៤នាក់ ដែលត្រូវទទួលបានម៉ូតូ ក្នុងម្នាក់ៗចំនួន ១គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ។
ដោយឡែកប្រជាពលរដ្ឋដែលជួបការខ្វះខាតផ្នែកជីវភាព ទាំង ៥០០គ្រួសារ ក្នុងក្រុងបាត់ដំបង ដែលត្រូវទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ នាឱកាសនោះ ក្នុង ១គ្រួសារៗទទួលបាន ៖ អង្ករ ចំនួន ៥០គីឡូក្រាម ទឹកត្រី ចំនួន ១យួរ ទឹកស៊ីអ៊ីវ ចំនួន ១យួរ ត្រីខកំប៉ុង ចំនួន ១យួរ មី ចំនួន ១កេស និងថវិកា ចំនួន ៥០ ០០០រៀល។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា បើគិតចាប់តាំងពីឆ្នាំ២០១៤ មក គឺមានរយៈពេលជិត ១០ឆ្នាំហើយ ដែលក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមធ្វើកំណែទម្រង់ទៅលើវិស័យអប់រំ ពិសេសការរឹតបន្តឹងនៅពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។ ជិត ១០ឆ្នាំនេះ យើងបានឆ្លងកាត់នូវឧបសគ្គក៏ដូចជាបទពិសោធយ៉ាងច្រើន ដែលជាមេរៀនដ៏ល្អ សម្រាប់អភិវឌ្ឍន៍ វិស័យអប់រំនៅកម្ពុជា បន្តទៀត ដើម្បីឈានទៅបណ្តុះបណ្តាលធនធានមនុស្សពោរពេញដោយសមត្ថភាព ពិសេសអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងក្នុងតំបន់ ក៏ដូចជាបណ្តាប្រទេសរីកចម្រើនដទៃទៀតនៅលើពិភពលោក។
ឯកឧត្តម ស សុខា បានបន្តទៀតថា ជាការកត់សម្គាល់របស់ឯកឧត្តម ឆ្លងកាត់កំណែទម្រង់ជាបន្តបន្ទាប់ លទ្ធផលដែលយើងទទួលបានគឺគុណភាពនៃវិស័យអប់រំនៅកម្ពុជា មានការផ្លាស់ប្តូរជាវិជ្ជមាន គួរឲ្យមោទនៈ ។ ជាក់ស្តែងសមត្ថភាពរបស់សិស្ស និស្សិតកម្ពុជា មានការកើនឡើងកាន់តែខ្ពស់ អាចប្រកួតប្រជែងរហូតដល់អាចដណ្តើមបានពានរង្វាន់លំដាប់ថ្នាក់ពិភពលោកបានថែមទៀត។ នេះសបញ្ជាក់ឱ្យឃើញថា កំណែទម្រង់វិស័យអប់រំនៅកម្ពុជា បាននិងកំពុងតែដើរនៅលើផ្លូវត្រូវ បើទោះជាចុងក្រោយនេះ យើងបានរងផលប៉ះពាល់ដែលបង្កឡើងដោយសារវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩ ក្តី ។ ជាក់ស្តែងនៅក្នុងឆ្នាំសិក្សា២០២១-២០២២ កន្លងទៅនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ៥ ធ្នូ ២០២២ កន្លងទៅនេះ មានសិស្សប្រឡងជាប់សរុប ៩០ ៩៥០នាក់ ស្មើនឹង៧២,៣៣% ។ ក្នុងនោះសិស្ស ដែលបានប្រឡងជាប់និទ្ទេស A ចំនួន ១ ០៤៩នាក់ និទ្ទេស B ចំនួន ៧ ២៣២នាក់ និទ្ទេស C ចំនួន ១៩ ០៥៣នាក់ និទ្ទេស D ចំនួន ៣១ ១៦៦នាក់ និងនិទ្ទេស E ចំនួន ៣២ ៤៥០នាក់។
ឯកឧត្តម ស សុខា បានគូសបញ្ជាក់ដែរថា លទ្ធផលដែលយើងទទួលបាននៅពេលនេះ គឺពិតជាពុំអាចកើតមាននោះឡើយ ប្រសិនបើមិនមានការចូលរួមសហការគ្នាពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធ រួមទាំងវិស័យឯកជនទេនោះ ជាពិសេរឹតតែមិនអាចកើតមានទៅទៀត ប្រសិនបើប្រទេសជាតិរបស់យើង ពុំមានសុខសន្តិភាពក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នាពេលបច្ចុបន្ននេះ។
ឯកឧត្តម ស សុខា បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត និងចក្ខុវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន បាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យអប់រំ។ ជាក់ស្តែងតាមរយៈសារលិខិតអបអរបវេសនកាលថ្មី ឆ្នាំសិក្សា២០២២-២០២៣ កាលពីដើមខែមករានេះ សម្តេចតេជោ បានណែនាំឱ្យក្រសួងក្រសួងអប់រំ យុវជន និងកីឡា ត្រូវខិតខំកែលម្អសេវាអប់រំ និងកម្មវិធីអប់រំ ដើម្បីកសាងធនធានមនុស្ស ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថលប្រកបដោយជំនាញ ក្នុងសតវត្សទី២១ ជាពិសេសការអប់រំ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា៕
Post a Comment